(ភ្នំពេញ)៖ ជារឿងមួយគួរជាទីមោទន ដែលយុវជនខ្មែរមួយរូប បានបង្ហាញទេពកោសល្យពិសេសរបស់ខ្លួន តាមរយៈការចូលរួមសម្តែងភាពយន្តឲ្យផលិតករអូស្ត្រាលី ចំណងជើងថា «Buoyancy» ឬ «រសាត់អណ្តែត»។ ជាមួយនឹងការបញ្ចេញសមត្ថភាពផ្នែកសម្តែង ដែលមិនមែនជាជំនាញរបស់ខ្លួនពេលនេះ យុវជន សំ ហេង បានធ្វើឲ្យគ្រប់គ្នាកោតសរសើរយ៉ាងខ្លាំង ជាមួយនឹងភាពជឿជាក់ និងការចូលតួសម្តែងបានល្អ រហូតទទួលបានពានរង្វាន់តារាសម្តែងឆ្នើម ពីមហោស្រពភាពយន្តអន្តរជាតិ នៅម៉ាកែវ។

ពិតណាស់ យុវជនសំ ហេង ដែលជាអ្នកមកពីខេត្តសៀមរាប គឺពុំមានបទពិសោធន៍សម្តែងភាពយន្តទាល់តែសោះពីមុនមក ហើយនេះជាលើកដំបូង ដែលលោកបានចូលរួមសម្តែងភាពយន្តអូស្ត្រាលី។ រឿង «រសាត់អណ្តែង» នេះ គឺជាការដឹកនាំ និងនិពន្ធ ដោយផលិតករអូស្ត្រាលីលោក Rodd Rathjen ដែលសាច់រឿងទាំងមូលមានរយៈពេល ៩៣នាទី ហើយនិយាយជាភាសាខ្មែរនិងថៃ។

តាមរយៈមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុមម៉ាកាវ ( International Film Festival & Awards Macao) ឆ្នាំ២០១៩ ភាពយន្ត «រសាត់អណ្តែង» ទទួលបានពានដល់ពីរឯណោះ។ ទី១ បានទៅលើតួឯកក្នុងរឿង គឺ យុវជន សំ ហេង បានពានតារាសម្តែងឆ្នើម (Best Actor Award) និងទី២ គឺបានទៅលើភាពយន្តទាំងមូលផ្ទាល់ គឺ ពានជម្រើសទស្សនិកជន (Audience Choice Award)។

គួរជម្រាបថា រឿង «Buoyancy» ឬ «រសាត់អណ្តែត» គឺដកស្រង់ចេញពីតថភាពពិតក្នុងសង្គម អប់រំពីផលលំបាកនៃការធ្វើចំណាកស្រុក បានន័យថាមិនមែនគ្រាន់តែសំដៅលើការធ្វើចំណាកស្រុករបស់ប្រជាជនខ្មែរ-ថៃទេ គឺចំពោះមនុស្សទូទាំងពិភពលោកតែម្តង។ ចំណុចសំខាន់នៃភាពយន្ត គឺអប់រំ​ដល់​ប្រជាជន​ខ្មែរ​ ដែល​មាន​គំនិត​ចង់​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ជិត​ខាង​ ឲ្យមានការពិចារណាច្បាស់លាស់ ព្រោះការចំណាកស្រុក ដោយគ្មានការប្រឹក្សាយោបល់ ឆាប់ជឿតាមមេខ្យល់នោះ គឺងាយនឹងទទួលរងផលលំបាកដល់ខ្លួនឯង និងក្រុមគ្រួសារ៕