(ភ្នំពេញ)៖ ក្រុមហ៊ុន Master Pharma Group Ltd ដែលជាក្រុមហ៊ុននាំចូល និងចែកចាយឱសថក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៤ និងបានសហការនាំចូលផ្តាច់មុខ ពីរោងចក្រ Akums Drug and Pharmaceuticals Limited បានបើកសិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់​» ​នៅសណ្ឋាគារ​ណាហ្គាវើល១ នៅល្ងាចថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩នេះ​ ជាមួយអ្នកជំនាញក្នុងវិស័យសុខាភិបាលជាង ៣០០នាក់ រួមទាំងឱសថការី និង​វេជ្ជបណ្ឌិត។

លោក រ៉ាំង សិរីវ៉ាត់ ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន Master Pharma Group Ltd បាននិយាយថា ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ ដែលបង្កឲ្យកើតមានដូចជា គាំងបេះដូង សំពាធឈាមខ្ពស់ កើតជំងឺមហារីក និងជំងឺថប់ដង្ហើមជាដើម អាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យ ជាពិសេសអ្នកមានវ័យកណ្តាល ដែលរបៀបរបប នៃការរស់នៅមិនត្រឹមត្រូវ គេងមិនគ្រប់គ្រាន់ ខ្វះលំហាត់ប្រាណ ញុំាគ្រឿងស្រវឹងជាដើម​។

លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ជំងឺទាំងនេះក៏មានវិធីទប់ស្កាត់ផងដែរ តាមរយៈការផ្តោតទៅលើរបបអាហារ និងការរស់នៅ រួមមានដូចជាការធ្វើលំហាត់ប្រាណ គេង ដើរ រត់ ឈរ អង្គុយ ការសម្មាធិ ពិសារអាហារដែលមានជីវជាតិ និងការកាត់បន្ថយ ការសេពគ្រឿងស្រវឹង និងជក់បារីជាដើម។

Akums Drugs & Pharmaceutical គឺជារោងចក្រផលិតឱសថធំបំផុត នៅប្រទេសឥណ្ទា ដែលចុះកិច្ចសន្យារាល់ការផលិត ផលិតផលសម្រេចនៃឱសថ វត្ថុធាតុដើម គ្រឿងសំអាង ឱសថបុរាណ និងឱសថប្រភេទអរម៉ូន។ មកទល់ពេលនេះ ខាងរោងចក្របានផ្គត់ផ្គង់ ទៅលើការប្រើប្រាស់ និងផលិតឱសថ ច្រើនជាង១២% នៃតម្រូវការសរុបក្នុងប្រទេសឥណ្ទា និងក្រុមហ៊ុនថ្នាំពេទ្យល្បីល្បាញនានា និង MNCs។

Unosource Pharma ជាក្រុមហ៊ុនបុត្រសម័្ពន្ធនាំចេញរបស់ Akums Drugs & Pharmaceutical ដែលមានឱសថលើសពី ១៣០០​មុខ បានចុះបញ្ជិកានៅក្នុង ៥៥ប្រទេស និងទទួលស្គាល់ពីក្រសួងសុខាភិបាល រួមមាន អាស៊ីអាគ្នេយ៍ អាហ្វ្រិក CIS និង អាមេរិកឡាទីន។ Unosource Pharma បានធ្វើការផ្គត់ផ្គង់ឱសថ ក្នុងគុណភាពខ្ពស់រួមផ្សំនឹងតម្លៃសមរម្យ ដែលអាចទទួលយកបាន នៅក្នុងទីផ្សារប្រកួតប្រជែងនានា ពេលបច្ចុប្បន្ននៅក្នុងពិភពលោក។

យ៉ាងណាមិញ Unosource Pharma បានធ្វើការផ្គត់ផ្គង់ ​១០០ផលិតផលជាង នៅក្នុងប្រទេសកម្ពុជា ហើយគិតមកដល់ពេលនេះ គឺវាមានរយៈពេល ៤ឆ្នាំមកហើយ សម្រាប់គម្រោងការផ្គត់ផ្គង់​នាពេលអនាគត ដែលក្រុមហ៊ុននឹងនាំចូលនូវឱសថនានាបន្ថែមទៀត ​មានតម្រូវការ​ ដើម្បីឲ្យសមស្របនៅក្នុងទីផ្សារប្រទេសកម្ពុជា៕