(ភ្នំពេញ)៖ ក្រៅពីបានផលិតក៏ដូចជាបញ្ចេញ​នូវបទចម្រៀងថ្មីៗ សម្រាប់កំដរអារម្មណ៍ប្រិយមិត្តទស្សនិកជន ថ្មីៗនេះ តារាសម្ដែងល្បីខាងក្បាច់គុណ និងបានអភិវឌ្ឍខ្លួន ក្លាយជាអ្នកដឹកនាំ សម្ដែងរឿងវ័យក្មេង លោក សុខ ដែន លោកបានបញ្ចេញខ្សែសាច់រឿងខ្លីមួយ ​មានចំណងជើងថា «ពូសុខសន្តិសុខ» ខណៈដែលរឿងមួយនេះ គឺបានបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ ដល់មនុស្សកុំឲ្យមើលងាយមនុស្ស ទោះបីជារូបគេធ្វើការ មានឋានៈអ្វីក៏ដោយ។

តាមរយៈខ្សែវីដេអូរឿងខ្លី ប្រមាណជាង៩នាទី បង្ហាញពីសាច់រឿងរបស់បុរសម្នាក់ ធ្វើការជាសន្តិសុខ ជួយការពារសុខសុវត្ថិភាព ដោយទទួលបានប្រាក់កម្រៃបន្តិចបន្តួច សម្រាប់ចិញ្ចឹមជីវិត ប៉ុន្តែត្រូវបានមនុស្សមួយចំនួន មានជីវភាពធូរធា​ មើលងាយ និងរើសអើងជាដើម។​ អ្វីដែលនឹកស្មានមិនដល់នោះ​ គឺបុរសដែលធ្លាប់មើលងាយខ្លួន ត្រូវបានពូសន្តិសុខនោះ ជួយសង្គ្រោះជីវិត រហូតត្រូវគេវាយខ្លួនឯងស្លាប់បាត់បង់ជីវិត។

យ៉ាងណាមិញ សាច់រឿងខ្លី «ពូសន្តិសុខ» ពិតជាបានបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ ទោះបីជាមានទ្រព្យសម្បតិ្តលុយកាក់ ចាយវាយរាប់មិនអស់ ប៉ុន្តែក៏មិនត្រូវមើលងាយ រើសអើងពីអ្នកដទៃ ដែលគ្មានធនធាន មានមុខរបរត្រឹមជាសន្តិសុខ។ មួយវិញទៀត គឺចង់សំដៅលើមនុស្ស កុំឲ្យឆាប់មើលងាយមនុស្ស ត្រូវចេះឲ្យតម្លៃអ្នកដទៃដូចយើង ឲ្យតម្លៃខ្លួនឯង។

ចង់ដឹងថា រឿងខ្លីចំណងជើងថា «ពូសន្តិសុខ» បង្កប់អត្ថន័យអប់រំដល់មនុស្សខ្លាំងកម្រិតណានោះ សូមប្រិយមិត្តទស្សនិកជន ចូលរួមទស្សនា សាច់រឿងមួយនេះទាំងអស់គ្នា៖