(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមទស្សនា MV ចម្រៀងបទ «ប្រុសម្នាក់នេះសំខាន់នៅពេលណា» ប្រាកដជាស្គាល់តួប្រុសដែលចូលរួមសម្តែងក្នុងវីដេអូចម្រៀងនេះច្បាស់ហើយ។ តារាសម្តែងប្រុសក្នុង MV ដែលមកពីក្រុម Mustache Band ត្រូវបានមជ្ជុរាជដ៏កាចសាហាវ ឆក់យកជីវិតទាំងវ័យក្មេង ធ្វើឲ្យក្រុមគ្រួសារ និងអ្នកគាំទ្រសោកស្តាយយ៉ាងខ្លាំង។

យោងតាមផេកផ្លូវការរបស់ក្រុម Mustache Band បានបង្ហោះសារសោកស្តាយយ៉ាងដូច្នេះថា «ពួកយើងពិតជាស្លុតចិត្តខ្លាំងណាស់ ដែលបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ។ បងប្រុសជាមនុស្សស្លូត បងជាមនុស្សល្អ ហេតុអីបងត្រូវជួបរឿងបែបនេះធ្វើការជាមួយបងធ្វើឱ្យដក់ជាប់រាប់អានដូចបងប្អូនបង្កើត។ អរគុណបងប្រុសដែលមកជួយជាចំណែកធំការងារដំបូងរបស់ពួកយើង។ វានឹងនៅជាប់ជាមួយពួកយើងជារៀងរហូតណាបង ស្រលាញ់គោរពបងជារៀងរហូត បងគេងឱ្យបានស្កប់ស្កល់ណាបងប្រុស ទទួលយកមិនបានពិតមែនបង»

តែយ៉ាងណាក្រុម Mustache Band មិនបានប្រាប់ពីមូលហេតុនៃការស្លាប់ របស់តារាសម្តែងប្រុសម្នាក់នេះទេ ប៉ុន្តែតាមរយៈហ្វេសប៊ុកឈ្មោះ Phanith Jupiter បានចូលមក Comment ជាមួយនឹងសារថា លោកស្លាប់ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាសុផារ៉ា។

ជាមួយនឹងដំណឹងក្រៀមក្រំនេះផងដែរ ទស្សនិកជនដែលនិយមទស្សនាការសម្តែង MV របស់លោក បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ដែលលោកបានបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះ ព្រមទាំងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសពផងដែរ៕