(ភ្នំពេញ)៖ ពិតណាស់កំពូលតារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត ត្រូវបានគេដឹងថា មានភាពមមាញឹកយ៉ាងខ្លាំង ទាំងក្នុងវិស័យសិល្បៈនិងជំនួញ។ រឹតតែ​ពិសេស ចាប់តាំងពីបង្ហាញមុខភរិយាជាសាធារណៈ ឲ្យមហាជនស្គាល់មក លោកតែងតែបណ្តើរភរិយាទៅចូលរួមកម្មវិធីនានា និងបង្ហាញភាពផ្អែមល្ហែមជាញឹកញាប់ផងដែរ។ ខណៈថ្មីៗនេះ លោកបានហោះទៅកំសាន្តជាមួយភរិយាយ៉ាងសប្បាយ នៅប្រទេសប៉ែកអឺរ៉ុប ធ្វើឲ្យហ្វេនៗច្រណែនគ្រប់គ្នា។

បើតាមការបង្ហើបឱ្យដឹង នៅលើបណ្ដាញសង្គម លោក ខេរមរៈ សេរីមន្ត បានបញ្ជាក់ថារូបលោក និងភរិយាចេញទៅប្រទេសក្រៅនៅឱកាសនេះ គឺដើម្បីបំពេញការងារ ហើយឆ្លៀតពេលទំនេរ ក៏ដើរកម្សាន្តឱ្យស្បើយអារម្មណ៍តែម្ដងទៅ។ ម្យ៉ាងវិញទៀត ការចេញទៅក្រៅប្រទេសម្ដងនេះ មិនមែនទៅតែប្រទេសស្វីសមួយទេ នៅមានប្រទេសផ្សេងទៀត រួមមានប្រទេសបារាំងជាដើម។

ក្នុងនោះអ្នកគាំទ្រ បានលាន់មាត់សរសើរគ្រប់គ្នា ថាលោក ខេមរៈ សិរីមន្ត ពិតជាស្រឡាញ់ភរិយាខ្លាំងណាស់ ក្នុងដំណើរកំសាន្តបែបលំហែកាយយ៉ាងផ្អែមល្ហែមបំផុត នៅប្រទេសស្វីសពេលនេះ។ ជាពិសេស អ្នកទាំងពីរបានពាក់អាវគូស្នេហ៍ក្រាស់ៗបិទបាំងភាពត្រជាក់ ដោយសារតែស្ថិតនៅទីតាំងមួយ ​ពោរពេញទៅដោយព្រិល និងអាកាសធាតុត្រជាក់ខ្លាំង៕