(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីក្រសួងទេសចរណ៍ និងគាំទ្រដោយរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មីមួយទៀតហើយ ដើម្បីផ្សព្វផ្សាយយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះ គ្រោងរៀបចំគ្រប់រាជធានី-ខេត្ត ដោយនឹងចាប់ផ្ដើមនាដើមឆ្នាំ២០២០ តទៅ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី កម្មវិធីផ្សព្វផ្សាយព្រឹត្ដិការណ៍កីឡាទេសចរណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃអង្គារនេះថា នេះគឺជាព្រឹត្តិការណ៍ថ្មីមួយទៀត ដែលក្រសួងទេសចរណ៍ អនុញ្ញាតឲ្យ NOCC សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីរៀបចំកម្មវិធីកីឡា ក៏ដូចជាកម្មវិធីតន្ដ្រី ក្នុងគោលបំណងបញ្ជៀបព័ត៌មានស្ដីពីការត្រៀមធ្វើម្ចាស់ផ្ទះ SEA Games 2023 ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

លោកបន្ដថា «ព្រឹត្តិការណ៍នេះ មានយុទ្ធនាការសំខាន់ៗ២ ទី១-បំផុសចលនាពលរដ្ឋម្នាក់ លេងកីឡាមួយមុខ ស្របតាមអនុសាសន៍ណែនាំដល់ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងទី២-យុទ្ធនការកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ សំដៅលើការជំរុញការថែរក្សាបរិស្ថាន និងការត្រៀមខ្លួនឲ្យបានល្អ ក្នុងនាមពលរដ្ឋម្ចាស់ផ្ទះ ដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូ កីឡាករ-កីឡាការិនី និងភ្ញៀវបរទេសជាច្រើន ដែលនឹងមកចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»

ស៊ីហ្គេម ឆ្នាំ២០២៣ ពលរដ្ឋម្នាក់ គឺជាម្ចាស់ផ្ទះម្នាក់។ អញ្ចឹងទាំងអស់គ្នា មានភារកិច្ច ក្នុងការលាងសម្អាតផ្ទះរៀងៗខ្លួន ដើម្បីត្រៀមទទួលភ្ញៀវរាប់ម៉ឺននាក់ពេលស៊ីហ្គេម។ មួយទៀត កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ គឺជាគោលដៅទេសចរណ៍ផង និងជាក្រិតក្រមនៃចលនាកីឡា ប្រទេសណាធ្វើម្ចាស់ផ្ទះ ត្រូវតែស្អាត បរិស្ថានល្អ បូករួមទាំងខ្យល់អាកាសល្អជាដើម។ យើងសង្ឃឹមការរៀបចំព្រឹត្តិរណ៍កានេះ នឹងផ្ដល់នូវការកែប្រែឥរិយាបថប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យងាកមករកភាពស្អាត និងបៃតង គ្រប់ទីកន្លែងទាំងអស់។ លោក វ៉ាត់ ចំរើន បន្ថែម។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ខាងលើ គណៈកម្មការនឹងមានរៀបចំកម្មវិធីកីឡាជាច្រើន ពិសេសកីឡាប្រពៃណីជាតិ ដូចជាកីឡាល្បុក្កតោ គុនខ្មែរ និងអុកចត្រង្គ រួមទាំងកីឡាលក្ខណៈមហាជនមួយចំនួន ហើយក៏មានការប្រគំតន្ដ្រីទេសចរណ៍ ដោយផ្សាភ្ជាប់នូវខ្លឹមសារទេសចរណ៍ ដើម្បីផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍កម្ពុជាទៀតផង។ លោកថា ការចំណាយលើការរៀបចំព្រឹត្តិការណ៍នេះ គឺប្រើប្រាស់ថវិកាទទួលបានពីវិស័យឯកជន មិនប្រើប្រាស់ថវិការដ្ឋ ឬក្រសួងឡើយ។

អ្នកជំនាញកីឡាខាងលើថា នៅចុងឆ្នាំ២០១៩ នេះ ក្រសួងទេសចរណ៍ និង NOCC នឹងមានការរៀបចំកម្មវិធីផ្សព្វផ្សាយព្រឹត្ដិការណ៍កីឡាទេសចរណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ លក្ខណៈសាកល្បង នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុននឹងកំណត់កាលបរិច្ឆេទច្បាស់លាស់ ក្នុងការរៀបចំផ្លូវការ នៅតាមរាជធានី-ខេត្ត នាដើមឆ្នាំ២០២០។ ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន ក៏បានអំពាវនាវឲ្យមានការចូលរួមសហការពីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់រាជធានី-ខេត្ត ពិសេសប្រជាពលរដ្ឋ ដើម្បីជំរុញព្រឹត្តិការណ៍នេះឲ្យរលូន និងឆ្ពោះទៅរកភាពជោគជ័យ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕