(ភ្នំពេញ)៖ ថ្មីៗនេះកំពូលតារាចម្រៀងស្រី ពេជ្រ សោភា បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងលាន់មាត់កោតសរសើរគ្រប់គ្នា ជាមួយនឹងការនាំយកល្ខោនខោលខ្មែរ មកសម្តែងលើឆាកតន្រ្តី ដើម្បីជាផ្នែកមួយជួយដាស់តឿនស្មារតីកូនខ្មែរ ឲ្យងាកមកស្រឡាញ់វប្បធម៌ដ៏ប្រពៃមិនអាចកាត់ថ្លៃបាន ដែលដូនតាបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។ គំនិតប្រឌិតថ្មីរបស់ ពេជ្រ សោភា ពេលនេះក៏កំពុងតែទទួលបានការកោតសរសើរ និងមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនផងដែរ។

ជាការកត់សម្គាល់ បកស្រាយ​ចម្រៀងដ៏ពិរោះ ក្រោមចំណងជើងថា «ព្រះអគ្គីជាសាក្សី» លាយឡំ​នឹងទស្សនីយភាពសម្តែង​ល្ខោនខោល ពីសំណាក់ក្រុមការងារផ្នែករបាំបុរាណ ពីសំណាក់ពេជ្រ សោភា រឹងតែមានការចាប់អារម្មណ៍ច្រើន ព្រោះ​មានការពោល និងសំឡេងបែប​បំពេ ស្ដាប់ហើយ​ឡើងព្រឺរោមខ្ញាកៗតែម្ដង។ ក្រៅពីវត្តមានរបស់ ពេជ្រ សោភា ក៏មានសិល្បករ-សិល្បការិនីចូលរួមរាំសម្តែងច្រៀងយ៉ាងច្រើនកុះករ បង្កជាភាពសប្បាយរីករាយផងដែរ។

គួរជម្រាបថា ការសម្តែងលើឆាកយ៉ាងរស់រវើក ពីសំណាក់ពេជ្រ សោភា ថ្មីៗនេះ គឺតាមរយៈចូលរួមច្រៀងក្នុងកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ ដើម្បីស្នាមញញឹម ដែលធ្វើឡើងកាលពីថ្ងៃទី១៥ ខែធ្នូ។កម្មវិធីនេះ គឺធ្វើឡើង ដើម្បីយកថវិកកា ដែលបានពីការលក់សំបុត្រទាំងអស់ទៅ​បរិចាគជូនមន្ទីរពេទ្យគន្ធបុប្ផា៕