(សេអ៊ូល)៖ ប៉ុន្មានម៉ោងមុននេះ ផលិតកម្ម YG បានប្រកាសថា នឹងបញ្ចេញចម្រៀង Cover ថ្មីមួយបទ ដែលច្រៀងដោយតារាស្រីសមាជិក BLACKPINK គឺ Rosé។ ការគ្រោងបញ្ចេញចម្រៀង Cover ថ្មីពេលនេះ ត្រូវបានគេដឹងថា បន្ទាប់ពីក្រុមអ្នកគាំទ្រ បានតវ៉ាឲ្យផលិតកម្មនេះ ចេញចម្រៀងឲ្យសមាជិកនីមួយៗរបស់ BLACKPINK តាមការសន្យាកន្លងមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ជាការកត់សម្គាល់ បទ Cover ថ្មីច្រៀងដោយ Rosé ដែលគ្រោងបញ្ចេញនៅវេលាម៉ោង ៦៖០០ ល្ងាច (ម៉ោងនៅកូរ៉េ) គឺមានចំណងជើងថា «The Christmas Song» ដែលជាចម្រៀងដើមរបស់តារាប្រុស Nat King Cole។

តាមរយៈនេះផងដែរ ក្រុមអ្នកគាំទ្របានសម្តែងនូវភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលខាងផលិតកម្មបានយកចិត្តទុកដាក់នឹងក្រុមចម្រៀងស្រីដ៏ល្បីមួយនេះ។ ជាពិសេស គឺការតវ៉ារបស់ពួកគេ ពិតជាមានតម្លៃ។ ទោះជាបែបនេះក្តី អ្នកគាំទ្រនៅតែរងចាំចម្រៀង Solo របស់សមាជិកក្រុមនីមួយៗ ដូចដែលផលិតកម្មធ្លាប់សន្យា៕