(ភ្នំពេញ)៖ ទោះបីជាបានសម្ដែងរួមគ្នាជាច្រើនលើកច្រើនសារ និងជាតារាជើងចាស់ធ្លាប់សម្ដែងរឿងរាប់ភ្លេចមកហើយក្ដី ប៉ុន្តែស្រីស្រស់ សុខ សោម៉ាវត្តី និងលោក ជា សុវណ្ណនរាហ៍ ​នៅតែត្អូញត្អែពីការលំបាកខ្លាំង ពេលសម្ដែងប៉ះគ្នាក្នុងភាពយន្តថ្មី។ ជាក់ស្ដែងរឿង «ប្រពន្ធខ្ញុំស្រលាញ់ស្រី» គឺជារឿងថ្មីមួយទៀត អ្នកទាំងពីរបានសម្ដែងរួមគ្នា ក៏ប៉ុន្តែអ្នកទាំងពីរបានបញ្ជាក់ព្រមគ្នាថា រឿងនេះពិតជាពិបាកសម្ដែង ជាងបណ្ដារឿងមុនៗទាំងអស់។

តួឯកស្រីក្នុងរឿង អ្នកនាង សុខ សោម៉ាវត្តី បានថ្លែងបញ្ជាក់ថា ក្នុងរឿងនាងត្រូវសម្តែងជាតួអង្គ​មនុស្សស្រីចរិតប្រុស ហើយមានស្នេហានឹងមនុស្សស្រី ប៉ុន្តែចុងក្រោយ នាងបែជាស្រលាញ់តួប្រុសវិញ។ នាងថា ទោះជាកន្លងមកនាងធ្លាប់សម្តែងជាតួអង្គចរិត បែបមនុស្សប្រុស ប៉ុន្តែមានបែបទន់ភ្លន់ច្រើនជាមនុស្សស្រី ទើបតែរឿងនេះមានអារម្មណ៍ថា តានតឹងខ្លាំង ដែលត្រូវផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ។ ទោះជាយ៉ាងណាតារាស្រីរូបនេះ​ បង្ហាញការសប្បាយចិត្តដែលជួបដៃគូសម្តែងចាស់ យល់ចិត្តច្រើនទើបអាចធ្វើឲ្យការសម្តែងល្អប្រសើរ និងមានឈុតឆាកកំប្លែង បង្កប់ដោយទស្សនៈអប់រំមួយចំនួន។

ដោយឡែកលោក ជា សុវណ្ណនរាហ៍ បានលើកឡើងថា ទោះបីត្រូវឆ្លងកាត់ភាពលំបាកច្រើន​ ពេលសម្ដែងក្នុងរឿងក្ដី ប៉ុន្តែមិនមានបញ្ហាប្រឈមច្រើនសម្រាប់លោកទេ ពេលជួបដៃគូចាស់ គឺអ្នកនាង សុខ សោម៉ាវត្តី។ លោកថា «ប្រពន្ធខ្ញុំស្រលាញ់ស្រី» ជាភាពយន្តសម្រិតសម្រាំងថ្មី ពីផលិតករ លោកបានដាក់ក្តីរំពឹងថា អ្នកគាំទ្រលោក ក៏ដូចជាស្នាដៃផលិតកម្ម LD Picture ពិតជាពេញចិត្តស្នាដៃថ្មីមួយនេះ ដែលមានគ្រប់រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់។

គួរបញ្ជាក់ដែរថា តារាទាំងពីរខាងលើនេះ បានបញ្ជាក់ដូច្នេះធ្វើឡើង ក្នុងឱកាសដែលផលិតកម្ម LD Picture បានសម្ពោធប្រកាសចាក់បញ្ចាំងភាពយន្តខាងលើជាផ្លូវការ កាលយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅរោងភាពយន្តឡេជេនស៊ីធីម៉ល ក្រោមវត្តមានសិល្បករជាច្រើនចូលរួម។ ក្រោយពីបញ្ចប់ការចាក់បញ្ចាំងភាពយន្តខ្នាតធំរឿង «នាឡិការដាស់វិញ្ញាណ» ប្រកបដោយជោគជ័យ នៅលើទីផ្សារក្នុងស្រុក ផលិតកម្ម LD Picture បានប្រកាសថានឹងបញ្ចេញស្នាដៃថ្មីៗ បន្តបន្ទាប់ទៀត។ ផលិតកម្មនេះ មានភាពយន្តជាច្រើន នៅក្នុងដៃដែលទើបញ្ចប់ការផលិត និងបាននឹងកំពុងផលិតបន្ត៕