(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិ U23 កម្ពុជា ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសបង់ក្លាដេស អញ្ជើញឲ្យចូលរួមពានរង្វាន់មិត្តភាពអន្តរជាតិ BANGABANDHU Cup 2020 សារជាថ្មីម្តងទៀត ដោយក្នុងនោះមាន ៦ក្រុមដែលចែកចេញជា ២ពូលមាន កម្ពុជា ម៉ុងហ្គោលី ខេជីសស្ថាន ឡាវ និងស្រីលង្កា ដែលមានប្រទេសបង់ក្លាដេស ជាអ្នករៀបចំការប្រកួតនេះ។ នេះបើយោងតាមការចេញផ្សាយដោយ newagebd.net។

លោក Kazi Salahuddin ដែលជាប្រធានសហព័ន្ធបាល់ទាត់បង់ក្លាដេសបានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ពានមិត្តភាពអន្តរជាតិ នេះអាចនឹងចាប់ផ្តើមការប្រកួតក្នុងចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ខាងមុខ នឹងមាន ៦ក្រុមចូលរួម ដែលបែងចែកជា ២ពូល ដោយឡែកជុំវិញលើកមកធ្វើការប្រកួតក្នុងខែកមរា ដើមឆ្នាំ២០២០ ខាងមុខនេះ ក៏ព្រោះតែក្រុម U23 បង់ក្លាដេសជាប់ប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់អាស៊ីខាងត្បូង លើកទី១៣ នៅប្រទេសនេប៉ាល់កាលពីដើមខែធ្នូ ឆ្នាំ២០១៩។

សម្រាប់ព្រឹត្តិការណ៍ខាងលើនេះក៏គ្រោងនឹងអញ្ជើញក្រុមចិនតៃប៉ិ ទីម័រខាងកើត និងក្រុមតាជីគីស្ថានចូលប្រកួតផងដែរ ខណៈក្រុមដែលឈ្នះពាននេះច្រើនជាងគេ គឺម៉ាឡេស៊ី រហូតដល់ទៅ ២ដង ក្នុងឆ្នាំ១៩៩៧ និងឆ្នាំ២០១៥ ហើយចុងក្រោយ ប៉ាឡេស្ទីន ឈ្នះក្នុងឆ្នាំ២០១៨ គ្រាដែលឆ្នាំ២០១៧ និង២០១៩ ត្រូវបានខកខាន ខណៈក្រុមកម្ពុជាក៏ធ្លាប់ចូលរួមម្តងដែរកាលឆ្នាំ២០១៦៕