(ភ្នំពេញ)៖ នៅចុងឆ្នាំ២០១៩នេះ គេសង្កេតឃើញវត្តមានអ្នកសិល្បៈជាច្រើនរូប ទាំងតារាចម្រៀង តារាសម្ដែង បានរៀបអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់​។ យ៉ាងណាមិញ ពេលនេះស្រាប់តែតារាចម្រៀង Original Song លោក ជុំ លីណូ បានសម្រេចចិត្តបង្ហាញមុខអនាគតភរិយាដែលជាកូនអ្នកខេត្តកំពត និងគ្រោងធ្វើពិធីភ្ជាប់ពាក្យ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩​ ខាងមុខនេះ។

រឿងរ៉ាវភ្ជាប់ពាក្យរបស់តារាចម្រៀង លោក ជុំ លីណូ បានធ្វើឲ្យមហាជនសម្ដែងនូវការភ្ញាក់ផ្អើល ខណៈដែលចាប់តាំងពីពេលដែលតារាចម្រៀងរូបនេះ បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ គឺលោកមិនធ្លាប់លេចឮដំណឹងស្នេហា ឲ្យទស្សនិកជនបានដឹងនោះឡើយ។ យ៉ាងណាមិញ ទើបតែថ្មីៗនេះ លោក ជុំ លីណូ ស្រាប់តែទម្លាយពីដំណឹងភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងរូបស្រស់ ដែលនឹងធ្វើឡើងនៅថ្ងៃ២៩ ខែធ្នូនេះ ក្នុងស្រុកអង្គរជ័យ ខេត្តកំពត។

ជាក់ស្ដែងកាលពីថ្មីៗនេះ លោក ជុំ លីណូ បានបង្ហោះរូបភាពជាមួយនឹងអនាគតគូដណ្ដឹង អមជាមួយនឹងសារថា «យើងខ្ញុំទាំង២ នឹង​ធ្វើពិធីភ្ជាប់ពាក្យនៅថ្ងៃទី២៩ ខែ​១២ ឆ្នាំ២០១៩ នេះហើយ គឺនៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។​ ខ្ញុំបាទ​សូម​ជូនពរ​ខ្លួនឯង​ឲ្យមាន​សេចក្តីសុខ​គ្រប់ពេលវេលា និង​ជូនពរ​បងប្អូន​ខ្មែរ​ទាំង​អស់​គ្នា»។ តាមរយៈសារនេះ​មានមហាជន អ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈ បានចូលរួមអបអរសាទរ និងពាក្យពេចន៍ជូនពរដល់លោក ជុំ លីណូ និងអនាគតគូដណ្ដឹង ឲ្យមានសុភមង្គល និងមានដំណឹងរៀបការឆាប់ៗ។

យ៉ាងណាមិញ ក្រោយពីភ្ជាប់ពាក្យគេមិនទាន់ដឹងទេថា តារាចម្រៀងលោក ជុំ លីណូ និងមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅពេលណានៅឡើយនោះទេ ខណៈដែលទស្សនិកជនក៏ចង់ឃើញលោក​រៀបការ មានគ្រួសារឆាប់ៗនេះផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀងលោក ជុំ លីណូ និងគូស្នេហ៍ មានទំនាក់ទំនងស្នេហាជាមួយគ្នា រយៈពេលជិត២ឆ្នាំ ប៉ុន្តែរយៈពេលជិត២ឆ្នាំ ដែលលោក ជុំ លីណូ មានគូស្នេហ៍ គឺលោកមិនធ្លាប់ទម្លាយឲ្យទស្សនិកជនបានដឹងនោះទេ ទើបតែពេលនេះលោកសម្រេចចិត្តភ្ជាប់ពាក្យតែម្ដង និងបង្ហាញមុខតែម្ដង៕