(ភ្នំពេញ)៖ តារាសម្ដែងស្រីរូបស្រស់ កំពុងមានប្រជាប្រិយភាព កញ្ញា យ៉ែម ស្រីពេជ្រ ត្រូវបានទស្សនិកជន ចាប់អារម្មណ៍ខ្លាំងតាមរយៈភាពកាចឆ្នាស់ នៅក្នុងរឿង «នាឡិកាដាស់វិញ្ញាណ» របស់ផលិតកម្ម LD។ ក្នុងរឿងនេះ គឺនាងសម្ដែងជាតួកាចខ្លាំងមែនទែន ដល់ថ្នាក់ប្រើអំពើហឹង្សាទៅលើកូនចុង ឲ្យមានរបួសស្នាមពេញខ្លួន។ តើអត្តចរិកពិតរបស់នាង ដូចក្នុងរឿងមួយនេះដែរ ឬយ៉ាងណា? កញ្ញា យ៉ែម ស្រីពេជ្រ នឹងចូលមកបង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ពិតណាស់ តារាសម្តែងទឹកមុខឆ្នាស់ឆ្នើម កញ្ញា យ៉ែម ស្រីពេជ្រ បានប្រឡូកក្នុងវិស័យឧស្សាហ៍កម្មភាពយន្តច្រើនឆ្នាំមកហើយ ប៉ុន្តែមហាជនសង្កេតឃើញថា នាងហាក់មានសន្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេសលេចមុខក្នុងខ្សែភាពយន្តខ្នាតធំជាច្រើន ជាក់ស្តែងដូចក្នុងរឿង «នាឡិកាដាស់វិញ្ញាណ» ពេលនេះ កាន់តែធ្វើឲ្យនាងមានសន្ទុះខ្លាំងជាមុន។ ទោះបែបនេះក្តី ទស្សនិកជនប្រហែលជាចង់ដឹងហើយ ថាតើជីវិតក្រៅសិល្បៈរបស់តារាស្រីរូបនេះយ៉ាងណានោះ ជាពិសេសចរិកពិតរបស់នាងតែម្តង។

ដូច្នេះរាល់ចម្ងល់ទាំងនេះ កញ្ញា យ៉ែម ស្រីពេជ្រ នឹងមកបង្ហាញប្រាប់ទស្សនិកជន តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News នៅយប់ថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ៧៖០០ នាទី ដល់ម៉ោង ៨៖០០ នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោងដដែល៕

(​កម្មវិធី «អាថ៌កំបាំង​ក្រៅឆាក របស់​តារា»ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)