(ភ្នំពេញ)៖ កីឡាករទាំង ៥រូបរួមមានអ្នកចាំទី ហាន់ មាន, បម្រើកណ្តាល ឈុំ សុខហៃ, បម្រើប្រយុទ្ធ រស់ ដារ៉ាពេជ្រ ព្រមទាំងខ្សែប្រយុទ្ធ ចន ចម្រើន និង សំអុល ទីណា ត្រូវបានកោះហៅចូលឈុតធំ ភ្នំពេញក្រោន ដើម្បីប្រជែងយកពានលីគកំពូល ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ខាងមុខនេះ។

យុវជនទាំងនោះមានអាយុក្រោម១៨ឆ្នាំ ត្រូវបានក្លឹបផ្តល់កិច្ចសន្យាកីឡាករអាជីព និងដំឡើងមកកាន់ក្រុមធំសម្រាប់ត្រៀមរដូវកាលឆ្នាំ២០២០ ជាមួយនឹងក្តីសង្ឃឹមថា ពួកគេនឹងទទួលបានចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពជាកីឡាករអាជីពក្នុងការប្រកួតប្រជែងទាំងកម្រិតក្លឹប ឬអាចមានឱកាសជាប់ជាជម្រើសជាតិនាពេលអនាគតផងដែរ។

គួរបញ្ជាក់ថា ពួកគេទាំងអស់នោះសុទ្ធតែទទួលបានការបណ្តុះបណ្តាល និងហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលភ្នំពេញក្រោន ប្រមាណជិត៥ឆ្នាំមកហើយ មុនពេលត្រូវបានជ្រើសរើសឡើងមកកាន់ក្រុមធំ ដោយគ្រូបង្វឹក ស៊ុំ វណ្ណា ផ្ទាល់តែម្តង៕