(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា បានទទួលការឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ ពីលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia។ ការឧបត្ថម្ភនេះ ក្រោយក្រុមគោព្រៃកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីនកាលពីថ្មីៗ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បញ្ជាក់ថា ការឧបត្ថម្ភនេះ ដោយសារលោកពេញចិត្តចំពោះការខំប្រឹង និងបង្ហាញទម្រង់លេងយ៉ាងល្អរបស់ក្រុម U22 កម្ពុជា ដែលប្រហាក់ប្រហែលគ្នាជាមួយក្រុមខ្លាំងៗក្នុងតំបន់ ហើយលោកសង្ឃឹមថា កីឡាករកម្ពុជា នឹងបន្ដការខំប្រឹងបន្ថែមទៀត ដើម្បីត្រៀមប្រកួតប្រជែងលើឆាកអន្ដរជាតិ និងដណ្ដើមលទ្ធផលកាន់តែល្អប្រសើរជូនជាតិរបស់ខ្លួន។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែលក្រុមជម្រើសជាតិ U22 កម្ពុជា បានទទួលការឧបត្ថម្ភពីវិស័យឯកជន ក្រោយពួកគេបានឆ្លងផុតវគ្គជម្រុះក្នុងពូល និងទទួលបានលេខ៤ ជាប្រវត្តិសាស្ដ្រ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ កាលពីថ្មីៗ។ ហើយតាមគម្រោងសហព័ន្ធ ក៏នឹងរៀបចំកម្មវិធីពិសេស និងផ្ដល់នូវការលើកទឹកចិត្តដល់កីឡាករម្នាក់ៗនាពេលឆាប់ៗខាងមុខផងដែរ៕