(ភ្នំពេញ)៖ តារាសម្ដែងភេទទី៣ បច្ចុប្បន្នកំពុងមានប្រជាប្រិយភាពគួរសមក្នុងសិល្បៈកញ្ញា ភី សម័យ ទោះបីជានាង គឺជាភេទទី៣ ពីមនុស្សប្រុសក្លាយទៅជាស្រីក៏ដោយ តែរូបសម្រស់របស់តារាសម្ដែងរូបនេះ ពិតជាស្រស់ស្អាត មិនចាញ់សុភាពនារីពិតៗនោះទេ ជាពិសេសនោះ រូបសម្ផស្សរបស់នាង គឺស្អាតបែបធម្មជាតិ ដោយមិនធ្លាប់ទទួលការកែកុន ឬ​​មុខកាំបិតវះកាត់កន្លុកកន្លៀតណាមួយ ពីមុនមក​នោះឡើយ។

ជាការពិត មិនខុសពីនារីទូទៅ ដែលមានសម្រស់ស្រស់ស្អាត តារាសម្ដែងភេទទី៣ ភី សម័យ បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងពិធីខួបកំណើត​របស់នាង ​នាពេលថ្មីៗនេះ។ អ្វីដែលកត់សម្គាល់ គឺនាងមើលទៅនៅតែលេចធ្លោ ក្នុងរ៉ូបពណ៌ស​ បំពាក់ទៅដោយមកុដ ​ហាក់ដូចជាមនុស្សស្រីពិតៗ មិនមែនជាភេទទី៣នោះទេ។ បើទោះជាក្នុងពិធីនោះ មានតារាស្រីៗច្រើននាក់ តែងខ្លួនស្អាតៗ និងមានភាពលេចធ្លោក៏ដោយ។

កញ្ញា ភី សម័យ បានឲ្យដឹង​ថា ដ្បិតថានាងគឺជាតារាភេទទី៣ តែនាងក៏ត្រូវតែស្អាត និងត្រូវតែគិតគូពីការតែងខ្លួន មិនឲ្យខ្មាស់សម្រស់នារីស្អាតៗពីធម្មជាតិមួយចំនួននោះដែរ ដោយសារតែនោះ គឺជាចំណូលចិត្ត។ នាងអះអាងថា អ្វីដែលធ្វើឲ្យនាងកាន់តែស្អាត និងផូរផង់ក្នុងថ្ងៃខួបកំណើតនោះ មិនមែនដោយសារតែហេតុផលកែសម្រស់​ និងធ្លាប់ឆ្លងកាត់មុខកាំបិត ដើម្បីកែកុនមុខមាត់នោះទេ ពោលគឺជាសម្រស់ពិតៗពីធម្មជាតិ និងគួរផ្សំមកពីនាងសប្បាយចិត្ត នឹងការងារជោគជ័យមួយរយៈចុងក្រោយនេះ។

ជាមួយគ្នានេះ ភី សម័យ បានបង្ហាញអារម្មណ៍រំភំភើបរីករាយ និងសប្បាយចិត្ត ដែលក្នុងពិធីខួបកំណើតរបស់នាង គឺមានអ្នកសិល្បៈជាច្រើន បានបង្ហាញវត្តមាន បង្កជាបរិយាកាសឲ្យកាន់តែសប្បាយ បើទោះបីជាមានមិត្ត និងអ្នកសិល្បៈមួយចំនួនមានការអាក់ខាន មិនបានចូលរួមក៏ដោយ។

គួរឲ្យដឹង​ថា ក្រៅពីការសម្ដែង​ស្រីស្អាត ភី សម័យ ក៏បានបើកអាជីពបន្ថែមពីលើការងារសិល្បៈ ដោយលក់ផលិតផលតាមប្រព័ន្ធអនឡាញ និង​មុខរបរជាជាងផាត់មុខ ហើយការងារទាំងពីរមុខនេះ ​​គឺទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់៕