(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool លេងក្នុងលីគកំពូលរបស់អង់គ្លេស Premier League បានប្រកាសពីការទិញបានកីឡាករខ្សែបម្រើប្រយុទ្ធ Takumi Minamino ពីក្លឹប Red Bull Salzburg របស់ប្រទេសអូទ្រីស ក្នុងតម្លៃប្រមាណ ៧.២៥លានផោន ក្រោមកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះ ពោលគឺរហូតដល់ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

Minamino វ័យ ២៤ឆ្នាំ សញ្ជាតិជប៉ុន ត្រូវបាន Liverpool ដែលមានលោក Jurgen Klopp ជាអ្នកចាត់ការទូទៅបានសម្រេចនាំមកកាន់ទឹកដី Anfield បន្ទាប់ពីមើលឃើញពីសមត្ថភាពយ៉ាងល្អ ក្រោយរូបគេរកបាន ៩គ្រាប់ក្នុង ២២ប្រកួតនារដូវកាលនេះ និងរកបាន ៥គ្រាប់ជាមួយលីគកំពូលអូទ្រីស Austrian Bundesliga ក្នុងរដូវកាលនេះផងដែរ។

សម្រាប់ Minamino ត្រូវបានក្លឹប Liverpool ផ្តល់ជូនអាវលេខ១៨ ខណៈរូបគេមានប្រវត្តិលេងក្លឹប Cerzo Osaka របស់ជប៉ុនមុនផ្ទេរមកកាន់ Salzburg និង Liverpool នាពេលបច្ចុប្បន្ន ហើយរូបគេនឹងអាចបង្ហាញខ្លួនឲ្យក្រុមខ្លាំងនៃលីគអង់គ្លេសនាខែមករា ឆ្នាំ២០២០ ខាងមុខនេះតែម្តង៕