(កំពត)៖ ការប្រកួតកីឡាអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៨ ឆ្នាំ២០១៩ នៅខេត្តកំពត ថ្ងៃដំបូងកាលពីថ្ងៃទី២០ ខែធ្នូម្សិលមិញទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ ពិសេសគឺកីឡា ៤ប្រភេទរួមមានកីឡារត់កម្សាន្ដ, ម៉ូតូទឹក, កីឡាលើកទម្ងន់ និងកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបានបញ្ជាក់ថា ចំពោះកីឡារត់កម្សាន្ដ គឺមានអ្នកចូលរួមរត់ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្ររហូតដល់ ១៥,០០០នាក់។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការប្រកួតលក្ខណៈអន្តរជាតិ រួមមានកីឡាប្រណាំងម៉ូតូទឹក និងគុនខ្មែរអន្ដរជាតិ ដែលមានការចូលរួមពីកីឡាករបរទេសវិញ បានទាក់ទាញអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។

ទន្ទឹមជាមួយគ្នា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ក៏បានយកឱកាសដ៏ពិសេសក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ដើម្បីជាការអបអរសាទរពិធីបុណ្យសមុទ្រ និងបំផុសកីឡាក្មេងខ្ចីនេះផងដែរ។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតថ្ងៃដំបូង គេឃើញមានប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្ដរជាតិជាច្រើនបានចាប់អារម្មណ៍។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

គួរបញ្ជាក់ថា រយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានត្រៀមរៀបចំការប្រកួតកីឡារៀងរាល់ថ្ងៃ ដើម្បីបង្កើតទស្សនីយភាព និងភាពសប្បាយរីករាយជូនភ្ញៀវជាតិ-អន្ដរជាតិទស្សនាកម្សាន្ដ បន្ថែមលើសកម្មភាពធំៗពីរទៀត គឺការតាំងពិព័រណ៍ និងការប្រគំតន្ដ្រី។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងសកម្មភាពកីឡាឆ្នាំនេះ NOCC ក៏បានអញ្ជើញក្រុមក្បាច់គុនសៅលីងមកចូលរួមសម្ដែង ដើម្បីអបអរព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍នេះផងដែរ៕