(ចិន)៖  ម្ចាស់រថយន្តមួយរូបបានរៀបរាប់ពីរឿងរ៉ាវ ដែលលោកបានជួបប្រទះផ្ទាល់ និងប្រាប់អំពីគ្រោះថ្នាក់ជាយថាហេតុដែលអាចនឹងកើតឡើងចំពោះម្ចាស់រថយន្តមួយចំនួន ដែលតែងចូលចិត្តទុកសត្វចិញ្ចឹមរបស់ខ្លួននៅក្នុងរថយន្តតែឯកឯង។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។

នៅម៉ោងប្រហែល ៥ និង ៤០នាទីល្ងាច កាលពីថ្ងៃទី១០ ខែធ្នូ បុរសដែលជាម្ចាស់ហាងក្នុងស្រុកមួយរូប បានធ្វើការចតរថយន្តរបស់ខ្លួននៅក្បែរទីតាំងស្រះទឹកមួយកន្លែង ក្នុងភូមិស៊ីងគ័ង នៃខេត្តជឺជាំង។ ហេតុការណ៍ក៏បានបន្តឱ្យដឹងទៀតថា ស្របពេលការវិលត្រឡប់មកកាន់ទីតាំងរថយន្តរបស់លោកវិញ សុនខមួយក្បាលនោះបានធ្វើការឆ្លេឆ្លា រួចរេខ្លួនប៉ះទៅនឹងចង្កូតដៃរបស់រថយន្ត ដែលកំពុងដំណើរការម៉ាស៊ីន ជាហេតុបណ្ដាលឲ្យរថយន្តទាំងមូលធ្លាក់ចូលទៅក្នុងទឹកភ្លាមៗនោះតែម្ដង។

ក្រោយជួបប្រទះហេតុការណ៍នេះហើយក្ដី សុនខមួយក្បាលនោះក៏ត្រូវបានទទួលការជួយសង្រ្គោះពីកន្លែងកើតហេតុ ប្រកបដោយសុខសុវត្ថិភាពជាទីបំផុតផងដែរ៕