(ភ្នំពេញ)៖ រោងភាពយន្តលេជេន (Legend Cinema) នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅកម្ពុជា គឺព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៩ (Movie of The Year 2019) ជាលើកទី៤ ក្នុងគោលបំណងបន្តការចូលរួម លើកស្ទួយវិសយភាពយន្តនៅកម្ពុជា។ ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៩ (Movie of The Year 2019) នេះ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៩ នៅរោងភាពយន្តលេជេន អេដិន ក្នុងបរិវេណផ្សារទំនើបអេដិន ហ្គាដិនម៉ល (Eden Garden Mall) ចាប់ពីម៉ោង ៤ រសៀលតទៅ។

កម្មវិធីនេះ នឹងមានការចូលរួមពី សំណាក់សិល្បករ ផលិតករ និងក្រុមហ៊ុនចែកចាយខ្សែភាពយន្ត ជាពិសេសនៅឆ្នាំនេះ កម្មវិធីមានការចូលរួម ដោយកំពូលតារាចម្រៀង ឆន សុវណ្ណារាជ ដែលជាតារាចម្រៀងដ៏ល្បី របស់ផលិតកម្ម ហង្សមាស។ ក្រៅពីការបង្កើតបរិយាកាស ក្នុងការទំនាក់ទំនងរវាង អ្នកពាក់ពន្ធនៅក្នុង វិស័យភាពយន្តនៅកម្ពុជា រោងភាពយន្តលេជេន ក៏មានគោលបំណងដ៏ធំមួយ ក្នុងការចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយវិសយខ្សែភាពយន្ត នៅកម្ពុជាផងដែរ។

ក្រុមហ៊ុនចែកចាយភាពយន្ត និងផលិតកម្មធំៗក្នុងស្រុកជាច្រើន ត្រូវបានរំពឹងចូលរួមក្នុងកម្មវិធីនេះ ជាពិសេសក្រោយពីខ្សែភាពយន្តរបស់ពួកគេ បានក្លាយជាខ្សែភាពយន្ត ដ៏ល្បីពេញនិយមប្រចាំឆ្នាំ និងរកប្រាក់ចំណូលបាន ខ្ពស់ជាងគេក្នុងរោងភាពយន្ត លេជេន ដូចជា ក្រុមហ៊ុន WML, ផលិតកម្ម LD Picture ផលិតកម្ម Kongchak Pictures , ផលិតកម្មមហាហង្ស , និងផលិតកម្មបដិហារ្យ ជាដើម។ ផលិតករ និងក្រុមហ៊ុនទាំងអស់ នឹងមានឱកាស បង្ហាញពីគម្រោងក្នុងការផលិត និងការត្រៀមដាក់បញ្ចាំងខ្សែភាពយន្តថ្មីៗ របស់ពួកគេនាពេលអនាគត ក្នុងឱកាសនោះ។

គួរបញ្ជាក់ថា ខ្សែភាពយន្តក្នុងស្រុក និងខ្សែភាពយន្តអន្តរជាតិជាច្រើនរឿង ដែលជារឿងរកប្រាក់ចំណូលបានច្រើនជាងគេ នៅរោងភាពយន្តលេជេន នឹងត្រូវយកមកដាក់ប្រកួតប្រជែងគ្នា ដើម្បីស្វែងរករឿងដែលល្អជាងគេ តាមរយៈការបោះឆ្នោតពីសំណាក់ប្រិយមិត្ត នៅលើគ្រប់គេហទំពររបស់រោងភាពយន្តលេជេន។ ក្នុងឱកាសនោះ រោងភាពយន្តលេជេន ក៏រៀបចំធ្វើការបោះឆ្នោតស្វែងរកតារា ដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ ២០១៩ តាមរយៈការបោះឆ្នោតពីសំណាក់ប្រិយមិត្ត នៅលើគេហទំពររបស់រោងភាពយន្តលេជេន។

រោងភាពយន្ត លេជេន ក៏សូមអរគុណដល់អ្នកឧបត្ថម្ភធំពីផលិតកម្ម ដូចជា ផលិតកម្មបដិហារ្យ, ផលិតកម្មមហាហង្ស, ផលិតកម្ម LD Picture, ផលិតកម្ម Kongchak Pictures, ក្រុមហ៊ុន WML និងអរគុណដល់អ្នកចូលរួមសហការ ដូចជាក្រុមហ៊ុន Coca Cola និងក្រុមហ៊ុន Koi៕