(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា (Cambodian Football Award) ប្រចាំឆ្នាំ២០១៩ បានប្រព្រឹត្តទៅយ៉ាងរីករាយនៅថ្ងៃសៅរ៍ ទី២១ ខែធ្នូនាសាលសន្និសីទចតុមុខ។

ពានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងឯកត្តជន, ក្រុម, សម្រាប់កីឡាករ និងមិនមែនកីឡាករត្រូវបានប្រគល់ដល់ម្ចាស់ជយលាភីក្នុងរាត្រីដ៏អស្ចារ្យនោះ ដោយមានវត្តមានក្លិបទាំង១៤ និងក្រុមមកពីថ្នាក់ខេត្តចូលរួម បូករួមទាំងថ្នាក់ដឹកនាំ, ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនកុះករ។

ទាក់ទងទៅនឹងពានរង្វាន់សម្រាប់ក្របខណ្ឌលីគកំពូលកម្ពុជាមានក្លឹបចំណាត់ថ្នាក់លេខ១, ក្លឹបចំណាត់ថ្នាក់លេខ២, ចំណាត់ថ្នាក់លេខ៣, ពានរង្វាន់គ្រូបង្វឹកល្អជាងគេ, ពានរង្វាន់កីឡាករល្អជាងគេ, ពានរង្វាន់កីឡាករទាត់បញ្ចូលទីច្រើនជាងគេ, ពានរង្វាន់អ្នកចាំទីល្អជាងគេ, អាជ្ញាកណ្តាលល្អជាងគេ និងក្លឹប Fair Play។

ចំណែកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ បែងចែកជា ក្លឹបចំណាត់ថ្នាក់លេខ១, ពានរង្វាន់គ្រូបង្វឹកល្អជាងគេ, ពានរង្វាន់កីឡាករល្អជាងគេ, ពានរង្វាន់កីឡាករទាត់បញ្ចូលទីច្រើនជាងគេ, ពានរង្វាន់អ្នកចាំទីល្អជាងគេ, អាជ្ញាកណ្តាលល្អជាងគេ និងក្លឹប Fair Play។

អ្វីដែលសំខាន់ផងនោះ ពានរង្វាន់មួយទៀតរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC មានវីដេអូចម្រៀងក្លឹបដែលមានប្រជាប្រិយភាព, អ្នកគាំទ្រដែលមានប្រជាប្រិយភាពជាងគេ, អ្នកថតរូបល្អជាងគេ, អ្នកគាំទ្រសកម្ម, កីឡាករដែលមានប្រជាប្រិយភាពជាងគេ, គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ, ក្លឹបមានអ្នកគាំទ្រច្រើនជាងគេ, កីឡាករវ័យក្មេងក្នុងស្រុកដែលរកគ្រាប់បាល់ច្រើនជាងគេ និងកីឡាករក្នុងស្រុកដែលរកគ្រាប់បាល់ច្រើនជាងគេ។

គួរដឹងដែរថា និតិវិធីដាក់ពិន្ទុពានរង្វាន់ កីឡាករវ័យក្មេងល្អប្រចាំឆ្នាំ កីឡាករល្អប្រចាំឆ្នាំ និងកីឡាករល្អប្រចាំឆ្នាំ គឺដកស្រង់ពិន្ទុពីគណៈកម្មការបច្ចេកទេស ៥០% និងការបោះឆ្នោតដោយគ្រូបង្គោល និងអ្នកចាត់ការក្លឹបនីមួយៗ ហើយបុគ្គលទាំងពីរមិនអាចបោះឆ្នោតឲ្យកីឡាករខ្លួនឯងបានទេ។

ជាមួយគ្នានេះ ក៏មានកីឡាករល្អ ១១នាក់ក្នុងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជាដែលត្រូវបានបោះឆ្នោតដោយគ្រូបង្គោល និងអ្នកចាត់ការក្លឹបនីមួយៗ ហើយបុគ្គលទាំងពីរមិនអាចបោះឆ្នោតឲ្យកីឡាករខ្លួនឯងបានទេ។

សូមបញ្ជាក់ថា លើកទី៣ ហើយដែលគណៈកម្មការជាតិរៀបចំការប្រកួតបាល់ទាត់កម្ពុជា បង្កើតកម្មវិធីពានរង្វាន់បាល់ទាត់នេះឡើង គិតចាប់តាំងពីដើមឆ្នាំ២០១៨មក៕