(ភ្នំពេញ)៖ ពិតណាស់ម្ចាស់មកុដក្នុងកម្មវិធីប្រឡងសម្រស់លំដាប់ថ្នាកពិភពលោក «Miss Word» 2019 នេះ គឺបានទៅលើបវរកញ្ញាស្បែកខ្មៅ មកពីប្រទេស Jamaica គឺកញ្ញា Toni-Ann Singh។ បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចាប់ អ្វីដែលមហាជនចាប់អារម្មណ៍រហូតមកទល់នឹងបច្ចុប្បន្ននេះ គឺសមត្ថភាពពិសេសរបស់នាង។ ព្រោះក្រៅពីមានរូបសម្រស់ស្អាត មានចំណោះដឹង ហើយនោះ ងាកមកសំឡេងវិញ គឺពិរោះយ៉ាងខ្លាំង ពេលបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា «I have Nothing»។

ជាក់ស្ដែង តាមរយៈបណ្តាញសង្គម គឺមានការចែករំលែកនូវវីដេអូចម្រៀងរបស់កញ្ញា Toni-Ann Singh ពេលបកស្រាយចម្រៀងលើឆាក នៃកម្មវិធីលំដាប់ថ្នាក់ពិភពលោក «Miss World»។ កាន់តែពិសេស​គឺ សំនៀងនៃការស្រែកច្រៀងដ៏ក្រអួនក្រអៅ ធ្វើឲ្យគ្រប់គ្នាដែលមានវត្តមានក្នុងកម្មវិធី «Miss World» កាលពីពេលកន្លងទៅថ្មីៗនេះ ស្ញើរសរសើរ និងស្រែកហោរគាំទ្រគ្រប់គ្នា។ ម្ចាស់កមុដរូបនេះ បានបញ្ចេញសមត្ថភាព ដោយលើកយកចម្រៀងមួយបទមកច្រៀង មានចំណងជើងថា «I have nothing» ដែលជាបទដ៏ល្បីលំដាប់ពិភពលោក មកបកស្រាយ ជាមួយនឹងការស្រែកយ៉ាងមានទំនុកចិត្ត និងសម្ដែងទឹកមុខ កាយវិកាយ៉ាងទាក់ទាញ ធ្វើឲ្យគ្រប់គ្នាទះដៃលាន់លឺកងរំពងពេញឆាកតែម្តង។

គួរជម្រាបថា ម្ចាស់មកុដ «Miss World 2019» កញ្ញា Toni-Ann Singh បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកចិត្តវិទ្យាពីសាកលវិទ្យាល័យរដ្ឋផ្លរីដា (Florida State University)។ កញ្ញា គឺជានារីទី៤ហើយរបស់ប្រទេស Jamaica ដែលឈ្នះមកុដ ក្នុងកម្មវិធី «Miss World»។

សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖