(ក្រុងឡុងដ៍)៖ ក្លឹបតោខៀវ Chelsea បានត្រៀមកញ្ចប់ថវិកាប្រមាណ ៤៤លានផោន ដែលស្មើនឹង ៥៧លានដុល្លារ ដើម្បីទិញខ្សែប្រយុទ្ធស្លាប Isco ពីក្លឹបអេស្ប៉ាញ Real Madrid ក្នុងរដូវកាលដោះដូរកីឡាករនាខែមករា ឆ្នាំ២០២០ ដ៏ខ្លីខាងមុខនេះ។

ប្រភពព័ត៌មានចេញពី Express របស់អង់គ្លេសក៏បានចេញផ្សាយដែរថា ភាគីខាងក្លឹបអេស្ប៉ាញ Real Madrid ដែលមានលោក Zidane ជាគ្រូបង្វឹកនោះ ក៏ត្រៀមលុយប្រមាណ ៥០លានផោន ស្មើនឹង ៦៥លានដុល្លារ ដើម្បីទិញខ្សែបម្រើដូចគ្នា Christian Eriksen ជាយូរមកហើយដែររបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur។

សំណើពីអ្នកចាត់ការទូទៅ Frank Lampard វាស្របគ្នាទៅនឹងគំនិតរបស់កីឡាករសញ្ជាតិអេស្ប៉ាញ Isco ផងដែរ ដែលចង់ចាកចេញពីទឹកដី Santiago Bernebeu ដ្បិតមិនសូវជាប់ក្នុងជម្រើស ១១នាក់ដំបូងជាប់លាប់ ក្រោយពីការវិលដឹកនាំ Real ជាលើកទី២ របស់ Zinedine Zidane។

Chelsea បានក្លាយជាគូប្រជែងជាមួយ Manchester City ក្នុងការនាំយកកីឡាករដែលឈ្នះជើងឯកពាន UEFA Champions League ជាមួយ Real Madrid បាន ៣ដងនាពេលកន្លងមក៕