(ភ្នំពេញ)៖ កម្មវិធីរំឭកគុណគ្រូ របាំ ល្ខោន និងសៀកលើកទី២ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការដឹកគុណ ចំពោះសិល្បករ-សិល្បការិនីជំនាន់ក្រោយ ទៅកាន់លោកគ្រូអ្នកគ្រូ ដែលជាសិល្បករចាស់ៗ។ យ៉ាងណាមិញ តាមរយៈចូលរួមក្នុងកម្មវិធីនេះ មហាជនសង្កេតឃើញមានសិល្បករ-សិល្បការិនី ជាច្រើនចូលរួម ដោយក្នុងនោះក៏មាន​តារាសម្តែងលោក សាវីន ហ្វីលីព និងភរិយាផងដែរ។ កាន់តែពិសេស ការធ្វើនូវកម្មវិធីនេះឡើង គឺបានធ្វើឲ្យគ្រប់គ្នារំជួលចិត្តជាខ្លាំង ជាពិសេស លោក សាវីន ហ្វីលីព ផ្ទាល់​។

តាមរយៈសារហ្វេសប៊ុកតារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីព បានសរសេរថា «កម្មវិធីរំឭកគុណគ្រូលើកទី២ ដ៏រំជួលចិត្ត! ការស្គាល់គុណគ្រូ គឺមានតម្លៃស្មើនឹងគ្រាប់ពេជ្រ ដែលមានតំលៃបំផុតក្នុងលោកនេះ។ សូមអរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិការ ជួយដល់លោកគ្រូអ្នកគ្រូទាំង១៥០នាក់នៅព្រឹកនេះ»

គួរជម្រាបថា កម្មវិធីរំលឹកគុណគ្រូរបាំ ល្ខោន ភ្លេង និងសៀកលើកទី២ ត្រូវបានប្រារព្ធធ្វើនៅសាលមហោស្រពចតុមុខនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៧ និង៣០នាទីព្រឹក។ ថវិកាដែលទទួលបាននឹងយកទៅចែកជូន ព្រឹទ្ធាចារ្យសិល្បៈ វិរៈសិល្បករ លោកគ្រូ អ្នកគ្រូដែលមានជំងឺ និងពិការ លោកគ្រូ អ្នកគ្រូចាស់ៗ ដែលបានបូជាកំលាំងកាយចិត្ត ដើម្បីសិល្បៈ វប្បធម៌ជាតិចំនួន១៥០រូប។

ឆ្នាំ២០១៩ នេះជាលើកទី២ហើយ ដែលកម្មវិធីរំឭកគុណគ្រូត្រូវបានរៀបចំឡើង។ សកម្មភាពបែបនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់សិល្បករ-សិល្បការិនី​ជំនាន់ក្រោយ ជាពិសេសពីមហាជនទូទៅ​ ព្រោះវាបង្ហាញពីការដឹងគុណ ចំពោះសិល្បករជំនាន់មុន ដែលខិតខំអស់ពីកំលាំងកាយចិត្ត ដើម្បីបន្សល់នូវទម្រង់សិល្បៈនានា ឲ្យសិល្បករជំនាន់ក្រោយ៕