(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC បានជំរុញគ្រប់សហព័ន្ធកីឡាជាតិ ត្រូវពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាគុណផលកីឡាឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍របស់ CAMSOC។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពីនីតិវិធី និងអនុលោមភាពហិរញ្ញវត្ថុ និងកិច្ចការរដ្ឋបាល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រោមវត្តមានលោករដ្ឋមន្ដ្រី ថោង ខុន, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងលោក ប៉ូ រតនា អគ្គលេខាធិការរង CAMSOC ហើយក៏មានការចូលរួមពីតំណាងសហព័ន្ធកីឡាជាតិ ដែលទទួលបានការឧបត្ថម្ភពី CAMSOC ផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានដាក់ចេញនូវគោលការណ៍មួយចំនួន ដោយតម្រូវឲ្យអគ្គលេខាធិការ និងអគ្គលេខាធិការរងត្រូវពួតដៃគ្នា ត្រួតពិនិត្យរាល់ការងារពាក់ព័ន្ធបច្ចេកទេស និងវិធានកីឡា រួមទាំងផ្នែកហិរញ្ញវត្ថុ យដោធ្វើយ៉ាងណាធ្វើការឲ្យស៊ីចង្វាក់គ្នា ក្នុងរបថតែមួយ ជាមួយសហព័ន្ធកីឡាជាតិ ដើម្បីពង្រឹងលើការចំណាយផ្សេងៗ។ មួយវិញទៀត លោកបានជំរុញសហព័ន្ធកីឡាជាតិ ត្រូវប្រើប្រាស់ថវិកាឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន បានបញ្ជាក់នូវភារកិច្ចសំខាន់ៗ៤ ដែលសហព័ន្ធកីឡាជាតិ ត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែម ទី១-ពង្រឹងការងាររដ្ឋបាល និងការងារជាក្រុម ដោយអនុវត្តតាមវិធានកីឡាជាតិ និងអន្ដរជាតិ។ ទី២-អភិវឌ្ឍន៍កីឡាជំនាញ និងស្វែងរកគុណផលកីឡាកម្រិតខ្ពស់ ដោយយកចិត្តទុកដាក់ លើការបណ្ដុះបណ្ដាលធនធានមនុស្ស។ ទី៣-រៀបចំការប្រកួតជាតិ និងចូលរួមប្រកួតអន្ដរជាតិឲ្យបានច្រើន ដើម្បីទទួលបាននូវគុណផលច្បាស់លាស់ និងទី៤-សហព័ន្ធកីឡាជាតិ ត្រូវធ្វើការជាប្រចាំ ដើម្បីស្វែងរកការគាំទ្រ និងការចូលរួមរបស់យុវជន ក្នុងទិសដៅចម្រាញ់រកអ្នកមានទេពកោសល្យ និងគាំទ្រសកម្មភាពរបស់ខ្លួន។

ជាមួយសិក្ខាសាលារយៈពេល ១ព្រឹកពេញនេះ ក៏មានការចូលរួមបញ្ចេញមតិពីតំណាងសហព័ន្ធកីឡាជាតិមួយចំនួនផងដែរ ដើម្បីដោះស្រាយលើបញ្ហាមួយចំនួន និងបានបញ្ចប់ក្រោមគោលការណ៍រួមមួយ ដែលដាក់ចេញដោយលោកបណ្ឌិត ថោង ខុន។ បន្ទាប់មកទៀត CAMSOC ក៏នឹងបន្ដបើកសិក្ខាសាលា និងកិច្ចប្រជុំជាបន្ដបន្ទាប់ទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ហើយជំរុញការងារចាប់ពីឆ្នាំ២០២០ ប្រព្រឹត្តទៅកាន់តែរលូន ពិសេសជំរុញកីឡាជំនាញ ឆ្ពោះទៅរកភាពល្អប្រសើរ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដោយការរួមគិត រួមធ្វើ និងរួមគ្នាទទួលខុសត្រូវ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕