(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធកូឡុំប៊ី Andrés Nieto ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២០។ Nieto បានក្លាយជាកីឡាករកូឡុំប៊ីដំបូងគេ ដែលមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ហើយក៏ជាកីឡាករបរទេសទី២ ដែលក្លឹបភ្នំពេញក្រោននាំចូលត្រៀមរដូវកាលថ្មីផងដែរ បន្ទាប់ពីក្លឹបបានបន្ដកិច្ចសន្យាជាមួយកីឡាករ Paulo Victor សញ្ជាតិប្រេស៊ីលកាលពីថ្មីៗនេះ។

គួរដឹងថា Nieto បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ចាប់តាំងពីអាយុ ៥ឆ្នាំជាមួយក្លឹប Ibague នៅស្រុកកំណើត។ បន្ទាប់មកកីឡាករមកពីទ្វីបអាមេរិកឡាទីនរូបនេះ ក៏បានបោះជំហានហ្វឹកហាត់ជាមួយសាលាបាល់ទាត់យុវជនថ្នាល Academia Toilimense ក្នុងនាមជាយុវជនថ្នាល រហូតវិវត្តន៍ខ្លួនទៅជាកីឡាករអាជីពជាមួយក្លឹប Deportes Tolima របស់កូឡុំប៊ី។

មុនឈានជើងមកបន្ដអាជីពលើទឹកដីកម្ពុជា ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ ធ្លាប់បានប្រកបអាជីពក្រៅស្រុកជាច្រើនក្លឹបផងដែរ ដូចជាក្លឹប Real Frontera របស់ប្រទេសវ៉េណេស៊ុយអេឡា, Club 6 de Febrero, Atlético San Francisco និង O&M FC នៅសាធារណរដ្ឋដូមីនីកែនជាដើម៕