(ភ្នំពេញ)៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៣ ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតជិត ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៩-២៤ ខែធ្នូម្សិលមិញ គ្រាដែលក្រុមអត្តពលិកក្លឹបក្រសួងមហាផ្ទៃ និងខេត្តក្រចេះ ដណ្ដើមបានមេដាយមាសច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថា ការប្រកួតឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ៦៤នាក់ មកពីក្លឹប ៩សមាគម/ក្លឹប ក្នុងគោលបំណងអភិវឌ្ឍន៍កីឡាកាយសម្ព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ចៅក្រម កីឡាករ-កីឡាការិនី ឲ្យទទួលបានគុណផលល្អ និងចម្រាញ់អ្នកមានទេពកោសល្យល្អ មកប្រមូលផ្ដុំត្រៀមចូលរួមប្រកួតលើឆាកអន្ដរជាតិ។

ចំពោះលទ្ធផល ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ អត្តពលិកក្លឹបក្រសួងមហាផ្ទៃ បានឈរលេខ១ ក្រោយដណ្ដើមបានមេដាយមាស៤ និងប្រាក់៥ ពោលគឺមានប្រៀបមេដាយប្រាក់១ លើក្លឹបខេត្តក្រចេះ ដ្បិតខេត្តក្រចេះ ដណ្ដើមបានមេដាយមាស៤, ប្រាក់៤ និងសំរឹទ្ធ៤ ឈរលេខ២។ ចំណែកក្រុមអត្តពលិកខេត្តកំពង់ឆ្នាំង បានឈរលេខ៣ ក្រោយដណ្ដើមបានមេដាយមាស៣, ប្រាក់៣ និងសំរឹទ្ធ៧។

សម្រាប់ពិធីបិទការប្រកួត បានធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រងសួទេសចរណ៍។ ឆ្លៀតឱកាសនោះ លោកបានលើកទឹកចិត្ត និងជំរុញកីឡាករ-កីឡាការិនីជយលាភី ក៏ដូចជាអ្នកទទួលបានមេដាយ ត្រូវបន្ដការខំប្រឹងបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតលើឆាកអន្ដរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ក្រោយចប់ការប្រកួតលោក ណយ ផាណា បានបញ្ជាក់ថា «ឆ្នាំនេះយើងសង្កេតឃើញ កីឡាករ-កីឡាការិនីម្នាក់ៗ មានការប្រកួតប្រជែងគ្នាខ្លាំង។ ការប្រកួតប្រជែងនេះ កើតឡើងដោយសារសហព័ន្ធបានបញ្ជៀបយុទ្ធសាស្ដ្របញ្ចូលកីឡាករវ័យក្មេង សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ មួយវិញទៀត ដោយសារការបង្កើនប្រាក់ឧបត្ថម្ភ ដោយលេខ១ បានដំឡើងដល់ ៥០ម៉ឺនរៀល, លេខ២ ឡើងដល់ ៤០ម៉ឺនរៀល និងលេខ៣ ឡើង ៣០ម៉ឺនរៀលឯណោះ»

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៣ ឆ្នាំ២០១៩ បានរៀបចំឡើង ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ទឹកប្រាក់ចំនួន ៩,០០០ដុល្លារ និងលោករដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១២,០០០ដុល្លារ សម្រាប់ចំណាយលើការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះ៕