(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបមកហើយ អ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បី គឺលោក ទិត្យ ថាវរិទ្ធ បានបង្កាត់ភ្លើងស្នេហ៍ស៊ីជម្រៅ ជាមួយតារាសម្ដែង និងជាតារាបង្ហាញម៉ូដ មានសម្រស់ផូរផង់ គួរជាទីគយគន់ប្រតិព័ទ្ធ ពីសំណាក់កន្លង់ៗទាំងពួង ស្រីស្រស់ នៅ សូនីតា រហូតសម្រេចក្រាបក្បាលដល់កន្ទេល មានចាស់ទុំទាំងសងខាងដឹងលឺ។ យ៉ាងណាមិញ ថ្មីៗនេះ ភរិយាដ៏ស្រស់សោភារបស់ លោក ទិត្យ ថាវរិទ្ធ ស្រាប់តែទម្លាយសារឯកជនជាមួយនឹងស្វាមី ដោយក្នុងនោះ លោក ទិត្យ ថាវរិទ្ធ បានសរសេរសារថា លោកពិតជាមិនស្តាយក្រោយឡើយ ពេលបាននៅ សូនីតា ធ្វើជាភរិយា។

ពិតណាស់ សាររបស់លោក ទិត្យ ថាវរិទ្ធ ផ្ញើរទៅភរិយាមានខ្លឹមសារថា «អូនគឺជា ឧត្តមភរិយាតែមួយរបស់បង សូមឲ្យអូននិងកូនមានក្តីសុខជារៀងរហូត បងនឹងសងនូវអ្វីៗគ្រប់យ៉ាង ដើម្បីអូន និងកូន។ បងពិតជាមិនស្តាយក្រោយ ដែលជ្រើសយកអូន...»

ឆ្លើយតបនឹងសារដ៏ផ្អែមល្ហែមនេះ នៅ សូនីតា បានតបវិញថា «លើកទី១ ដែលឃើញគាត់សរសេរមកខ្ញុំបែបនេះ បើជាអ្នកមានអារម្មណ៍យ៉ាងណា? អូនបានសន្យារួចហើយ ទោះកាលៈទេសៈណាក៏អូនមិនអាចឲ្យបងឯកាម្នាក់ឯងបានដែរ។រក្សាភាពស្មោះត្រង់ និង សុភមង្គល»

ជាមួយគ្នានេះ មានអ្នកសិល្បៈជាច្រើន បានកោតសរសើរអំពីជោគវាសនារបស់ នៅ សូនីតា ដែលទទួលបានការស្រឡាញ់ថ្នាក់ថ្នម និងលើកមុខមាត់ពីសំណាក់ លោក ទិត្យ ថាវរិទ្ធ និងទទួលងារជាជំទាវស្រីវ័យក្មេង ដោយស្វ័យប្រវត្តិផងដែរ បើទោះបីជាពួកគេមិនបានចូលរោងការ តាមប្រពៃណីខ្មែរជាផ្លូវការក្តី។

គួរជម្រាបថា បច្ចុប្បន្នលោក ទិត្យ ថាវរិទ្ធ និងនៅ សូនីតា ទទួលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ ជាដំណក់ឈាមរួមគ្នា។ នេះជាចំណងដៃដ៏ធំមួយ កាន់តែធ្វើឲ្យទំនាក់ទំនងប្តីប្រពន្ធមួយគូនេះ កាន់តែរឹងមាំ៕