(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសពីមហិច្ឆតារបស់ខ្លួនថា លោកនឹងបោះទុនបន្ថែម ផលិតភាពយន្ត ឲ្យមានគុណភាពខ្ពស់លក្ខណៈស្ដង់ដារអន្តរជាតិ ដើម្បីប្រកួតប្រជែង ជាមួយទីផ្សារភាពយន្តបរទេស និងដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរផងដែរ។

ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសដែលលោកចូលរួមបើកសម្ពោធបញ្ចាំងជាផ្លូវការរឿង «កុំងាកក្រោយ» ដែលជាស្នាដៃទី២ របស់ផលិតកម្ម «Galaxy Navatra» នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅ​រោង​ភាពយន្ត​លេជេនអេដេនបឹង​កក់​ ដោយមានតារាសិល្បៈ​​ជា​ច្រើន​ដួង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។

បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ក្រោយ​ពី​បញ្ចេញ​រឿង​ទី​១ «កំពូល​ល្ងង់​នៅ​អាស៊ី» នៅ​ពេល​នេះ ផលិត​កម្ម​ Galaxy របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បញ្ចេញ​ស្នាដៃ​ទី​២​ទៀត​ហើយ គឺ​រឿង «កុំ​ងាក​ក្រោយ​» ដែល​ជា​ស្នាដៃ​ដឹកនាំ​រឿង​របស់លោក ចាន់ណា រ៉ូណាន។ នេះ​ជា​រសជាតិ​ថ្មី​របស់​ផលិតកម្ម ដែល​រឿង​ទី​១​ជា​ប្រភេទ​រឿង​កំប្លែង​សើច​សប្បាយ ប៉ុន្តែ​រឿង​ទី​២​នេះ​វិញ គឺ​ប្រភេទ​រឿង​ភ័យ​រន្ធត់ ព្រឺព្រួច បើ​នៅ​ម្នាក់​ឯង​ស្ទើរ​មិន​ចង់​ហ៊ាន​មើល។

លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ដែលជាម្ចាស់ផលិតកម្មបានថ្លែងថា ភាពយន្តរឿង «កុំងាកក្រោយ»​ ត្រូវបានផលិតជិតរយៈពេលកន្លះឆ្នាំ ទម្រាំបានបញ្ចាំង ដោយលោកឧកញ៉ា រំពឹង​យ៉ាង​ខ្លាំងថា ភាពយន្តនេះ នឹងទទួលបានភាពជោគជ័យ និងមានការគាំទ្រច្រើន ពីសំណាក់​បងប្អូន​ប្រជាពលរដ្ឋ ពីព្រោះសម្អាងថា ជារឿងដែលមានរូបភាពភ្លឺច្បាស់ល្អ សម្លេងស្ដង់ដា និង​មាន​គុណ​ភាព​ពេញលក្ខណៈជាភាពយន្ត និងមានឈុតឆាកភ័យរន្ធត់តាំងពីដើមរហូតដល់ចប់ គឺ​ទាក់​ចិត្តតែម្តង។

លោកឧកញ៉ា បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ផលិតកម្មរបស់​លោក ​និងត្រៀមរៀបចំដើម្បីផលិតនូវរឿងថ្មីៗទៀតជាច្រើន ដើម្បីបំពេញតាមសេចក្ដីត្រូវការ របស់ប្រិយមិត្ត ហើយរឿងទាំងពីររបស់ផលិតកម្ម លោកផលិតកន្លងមកនេះ គ្រាន់តែជាការ​ឆាប់ផ្ដើម​ដំបូងប៉ុណ្ណោះ។

លោកបន្ដថា លោកមានមហិច្ឆតាធំ ដោយចង់ផលិតរឿងជាច្រើន​ទៀតដើម្បីបង្ហាញពី​គុណភាព និងស្នាដៃរបស់កូនខ្មែរ ដើម្បីយកទៅប្រកួត​ប្រជែងនៅលើទីផ្សារ​អន្ដរជាតិ។ រឿង «កុំងាកក្រោយ» នេះបានចំណាយថវិការអស់ប្រមាណជា ៦ ម៉ឺនទៅ ៨ម៉ឺនដុល្លារ ផងដែរ។

បើយោង​តាមការបញ្ជាក់របស់លោក ចាន់ណា រ៉ូណាន អ្នកនិពន្ធ និងដឹកនាំរឿងបានលើកឡើង​ថា នេះ​ជាស្នាដៃដែលលោកបានដាក់ចិត្តដាក់បេះដូង កម្លាំងកាយចិត្តរួមគ្នាជាមួយសិល្បករ និង​ក្រុម​ការងារ​ដើម្បីបង្កើតឲ្យបានភាពយន្តដែលមានគុណភាព និងបំពេញចិត្តទស្សនិកជន។ ទោះ​ឆ្លង​កាត់​ការលំបាក ពិសេសការថតរហូតដល់យប់ជ្រៅ ទីតាំងនៅខេត្តបាត់ដំបង ប៉ុន្តែក្រុមការងារ សិល្បករ ពិត​ជា​សប្បាយចិត្តដែលស្នាដៃមួយនេះត្រៀមចាក់បញ្ចាំង។

រឿង «កុំងាកក្រោយ»​ ចូលរួមសម្តែងដោយ តារាសម្តែងជាច្រើនរូបរួមគ្នាមានដូចជាលោក ទ្រី តារាវុធ កញ្ញា ឆាយ នីតា លោក ជា លាងឈែ លោក ភីម៉ៃ លោកស្រី អ៊ុ សក្ខណា និងតារាសម្តែងជាច្រើនរូបទៀត។ ការ​ដាក់លក់សំបុត្រជាផ្លូវការ​នៅ​ ថ្ងៃ​ទី​២៦ខែធ្នូ ឆ្នាំ២០១៩ នៅ​គ្រប់​រោង​ភាពយន្ត​​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ។ តាម​កាល​វិភាគ ក្រៅ​ពី​នៅ​ភ្នំពេញ បង​ប្អូន​ប្រិយមិត្ត​នៅ​តាម​បណ្ដា​ខេត្ត​ដូច​ជា បាត់ដំបង​-​សៀមរាប​-​ព្រះសីហនុ​-បន្ទាយមានជ័យ-ប៉ោយប៉ែត-តំបន់​អ្នក​លឿង​-​ស្វាយរៀង និងខេត្ត កំពង់ចាម ក៏អាច​ទស្សនាព្រមៗគ្នាដែរ៕