(ភ្នំពេញ)៖ កីឡាករ ម៉ៅ ពិសិដ្ឋ បានឈ្នះជយលាភីលេខ២ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពោលគឺកីឡាករវ័យក្មេងរកបានគ្រាប់បាល់ច្រើនជាងគេ និងកីឡាករលេងល្អទាំង ១១នាក់ ស្របពេលក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៣។

ពិសិដ្ឋ និយាយយ៉ាងដូចនេះថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងអស្ចារ្យក្នុងការឈ្នះជយលាភីនេះ។ វាជាលើកដំបូងដែលខ្ញុំបានឈ្នះជយលាភីបែបនេះ។ វាជារឿងមិនគួរឲ្យជឿ»

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មានក្តីសង្ឃឹមថា នឹងអាចទទួលបានពេលវេលាសម្រាប់លេងក្នុងការប្រកួតកាន់តែច្រើននារដូវកាលខាងមុខ និងដាក់គោលដៅជួយក្រុមដើម្បីឈ្នះជើងឯក ស្របពេលភ្នំពេញក្រោន ឈ្នះលីគកំពូលកម្ពុជា លើកចុងក្រោយនៅឆ្នាំ២០១៥។

ម៉ៅ ពិសិដ្ឋ បានបន្ថែមទៀតថា «ពិតណាស់! យើងបានប្រើប្រាស់កីឡាករក្នុងស្រុកទាំងអស់ក្នុងពានរង្វាន់សម្តេតតេជោ ហ៊ុន សែន។ គ្រប់ក្លឹបសុទ្ធតែមានកីឡាករខ្មែរសម្បូរបច្ចេកទេស ដូច្នេះកម្រិតនៃការប្រកួតប្រជែងគឺខ្លាំង»

គួរដឹងផងដែរថា ពិសិដ្ឋ សង្ឃឹមថា នឹងអាចទទួលបានការលេងច្រើនក្នុងប្រកួតផ្លូវការនារដូវកាលនេះ ដោយនឹងខិតខំប្រឹងប្រែងខ្លាំងឡើង និងព្យាយាមឲ្យអស់ពីសមត្ថភាព ជាពិសេសការរកគ្រាប់បាល់ សម្រាប់ក្រុម ដើម្បីឈ្នះជើងឯក៕