(ភ្នំពេញ)៖ «ជំនោរ Art» គឺជាពិព័រណ៍សិល្បៈចម្រុះ រួមបញ្ចូលទាំងគំនូរ រូបថត ចំលាក់ ផាត់ដំបៅ របួស បង្ហាញម៉ូដសំលៀកបំពាក់ឆ្នៃប្រឌិត ពីសម្រាមប្លាស្ទិច និងមានការសម្តែងសៀក រាំ Hip Hop ពីសំណាក់យុវជនមួយក្រុម ដែលត្រូវបានគេដឹងថា ជាសិស្សនៃសមាគមហ្វារពន្លឺសិល្បៈ។ ព្រឹត្តិការណ៍នេះ ត្រូវបានអ្នកចូលរួមទស្សនាឲ្យឈ្មោះថា គំនូរផ្សារភ្ជាប់នឹងវប្បធម៌ ដោយត្រឹមតែ២ថ្ងៃ ទាក់ទាញអ្នកទស្សនាជាង ២ពាន់នាក់។

ជាការកត់សម្គាល់ ព្រឹត្តិការណ៍នេះបានរៀបចំឡើង នៅកណ្តាលក្រុងបាត់ដំបង តាមបណ្តាលផ្លូវ ២.៥ ដោយប្រមូលផ្តុំក្រុមវិចិត្រករ សិល្បករសហសម័យជាច្រើន ប្រមាណជាង៧០នាក់ ជាមួយនឹងស្នាដៃដាក់តាំងបង្ហាញជាង ៤០០ ប្លែកៗពីគ្នា។ បន្ថែមពីនេះ គឺមានការតាំងបង្ហាញផ្ទាំងគំនូរ សកម្មភាពនៃការបង្ហាញស្នាដៃគូរគំនូរជាសាធារណៈ ពីសំណាក់វិចិត្រករ បង្កើត បាន ជាទិដ្ឋភាពអ៊ូរអរ ផ្ញាក់ផ្អើលដល់បរទេសមកទស្សនាយ៉ាងកុះករផងដែរ។

កម្មវិធីនេះបានរៀបចំឡើងកាលពីថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅប្រកបដោយភាពជោគជ័យ ព្រោះវាបានផ្សារភ្ជាប់វិចិត្រករ ជាមួយនឹងមហាជន ធ្វើឲ្យមានការស្វែងយល់ពីគ្នាទៅវិញទៅមក។ ជាពិសេសមហាជន បានដឹងពីសិល្បៈនានា ដែលមានក្នុងព្រឹត្តិការណ៍នេះ។

ទន្ទឹមនឹងភាពជោគជ័យ ដោយមានការគាំទ្រចូលរួមទស្សនាពីមហាជនជាង ២០០០ នាក់ក្នុងរយៈពេល ២ ថ្ងៃនេះ លោក ប៉ោយ ឈុនលី ដែលជាអ្នករៀបចំកម្មវិធីនេះឡើងបានប្រាប់ក្រុមសារព័ត៌ថា គម្រោងនេះ ត្រូវបានគិតទុករយៈពេល ៥ឆ្នាំ ហើយរៀបគម្រោង ៣ ខែចុងក្រោយនេះ ទើបសម្រេចចេញជារូបរាង ដោយឥតមានម្ចាស់ឧបត្ថម្ភទេ តែនេះជាការចូលរួមគ្នាពីសិល្បករទាំងអស់រួមគ្នា៕