(ភ្នំពេញ)៖ តារាចម្រៀងស្រីកំពុងឡើងកូដ ប្រចាំផលិតកម្ម «Galaxy Navatra» កញ្ញា តន់ ច័ន្ទសីម៉ា បច្ចុប្បន្នស្រីស្អាតរូបនេះ កំពុងតែកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ឲ្យកាន់តែមានភាពល្បីល្បាញ និងកំពុងតែត្រូវបានទស្សនិកជន គ្រប់ស្រទាប់វណ្ណៈ ពិសេសយុវវ័យ​ធ្វើការគាំទ្រ តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ សុទ្ធសឹងតែជាបទផ្ទុះខ្លាំង នាចុងឆ្នាំ២០១៩នេះ។ យ៉ាងណាមិញ ទម្រាំមានកេរ្តិ៍ឈ្មោះ មានទស្សនិកជនគាំទ្រដូចពេលបច្ចុប្បន្ត តារាចម្រៀង តន់ ច័ន្ទ សីម៉ា បានហែលឆ្លងកាត់ព្យុះភ្លៀង ភាពលំបាក ជីវិតកម្សត់ ត្រូវគេមើលងាយយ៉ាងច្រើន និងមានប្រវត្តិតស៊ូអំណត់ព្យាយាមជាច្រើន ​ទម្រាំមានកេរ្តិ៍ឈ្មោះល្បីដូចពេលបច្ចុប្បន្ន។

តារាចម្រៀងកំពុងឡើងកូដខ្លាំងក្នុងសិល្បៈ តន់ ច័ន្ទសីម៉ា បានថ្លែងប្រាប់ឲ្យដឹងថា មុននឹងឈានមកដល់ចំណុចនេះ រូបនាងបានជួបនូវរឿងរ៉ាវជីវិត ជូរចត់ ភាពលំបាកលំបិនជាច្រើន។ នាងធ្លាប់មានប្រវត្តិដើរដាក់ពាក្យប្រឡងចម្រៀងជាច្រើន និងបានដើរសុំគេឡើងច្រៀង នៅតាមកម្មវិធីនាពេលរាត្រី គ្មានពេលសម្រាកគ្រប់គ្រាន់ មកដល់ផ្ទះវិញយប់ជ្រៅ គឺដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ បង់ថ្លៃផ្ទះជួលតូចមួយ។

អ្វីដែលធ្វើឲ្យស្រីស្អាតរូបនេះ ចងចាំមិនភ្លេចក្នុងជីវិត គឺពេលដែលនាងចេញពីច្រៀងនាពេលយប់ជ្រៅ ត្រូវបានចោរជិះដេញតាមរហូតធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ពេលដែលនាងកំពុងតែជិះម៉ូតូម្នាក់ឯង ធ្វើឲ្យដួលម៉ូតូរលាត់ដៃជើង ឈាមហូរពេញខ្លួន ដែលចាប់តាំងពីមានហេតុការណ៍កើតឡើង​ ធ្វើឲ្យនាងមានអារម្មណ៍កាន់តែភ័យខ្លាច​ ណាមួយខ្លួនជាស្រី ត្រូវធ្វើដំណើរកណ្ដាលរាត្រី ម្នាក់ឯងទៀត។

សីម៉ា បន្តថា ក្រោយពីបានធ្វើការជាអ្នកចម្រៀង នៅក្នុងមួយកន្លែងបានរយៈពេលជិត២ឆ្នាំ ទើបនាងបានចុះកុងត្រាជាមួយផលិតកម្ម Galaxy របស់លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា រយៈពេល៥ឆ្នាំ បន្ទាប់ពីពុះពាររហូតត្រូវបានម្ចាស់ផលិតកម្មដ៏ធំមួយនេះ មើលឃើញពីសមត្ថភាពក៏ដូចជា បើកឱកាសឲ្យរូបនេះ ធ្វើជាតារាចម្រៀងប្រចាំផលិតកម្ម និងបានសាងកេរ្តិ៍ឈ្មោះល្បីដូចពេលនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នកញ្ញា តន់ ច័ន្ទសីម៉ា កំពុងត្រូវបានទស្សនិកជនជាច្រើន ធ្វើការគាំទ្រ តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទរបស់នាង ដែលបានបញ្ចេញនៅលើទីផ្សារ ដែលសុទ្ធតែជាបទផ្ទុះខ្លាំង នាឆ្នាំ២០១៩នេះ ពោលគឺមានដូចជា បទ «រឹងមាំ», «មនុស្សដូចខ្ញុំ», «ខ្ញុំជឿ», «អ្នកខាងនេះនឹកអ្នកខាងនោះ», «បើមិនស្មោះស្រឡាញ់រកងាប់អី», «យល់ច្រឡំថាគេស្រឡាញ់យើង» និងបទដែលកំពុងផ្ទុះខ្លាំងគឺបទ «គេនោះជាស្រីកាប់ដាវ» ខណៈ​មានអ្នកចូលទស្សនាជា៨លានដង ដែលជាចំនួនមួយច្រើន គួរឲ្យកត់សម្គាល់។

យ៉ាងណាមិញ ដើម្បីកាន់តែធ្វើឲ្យទីផ្សារសិល្បៈរបស់ខ្លួន មានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងបន្ថែមទៀត កញ្ញា តន់ ច័ន្ទសីម៉ា បានត្រៀមបញ្ចេញនូវបទចម្រៀងប្រមាណជា ៧បទបន្តបន្ទាប់ទៀត ដើម្បីវាយលុកទីផ្សារសិល្បៈ នៅដើមឆ្នាំ២០២០ខាងមុខនេះ​៕