(ភ្នំពេញ)៖ តារាសម្ដែងស្រីរូបស្រស់ កញ្ញា ម៉ាក សែន សូនីតា ហៅតូតា បច្ចុប្បន្នតារាស្រីរូបនេះ កំពុងទទួលបានជោគជ័យខ្លាំងទាំងលើការងារសិល្បៈ មុខជំនួញ និងរឿងស្នេហា ខណៈដែលនាងគឺជាគូស្នេហ៍របស់លោក ប៉ុល វិបូ ដែលជាអតីតអគ្គនាយករង ស្ថានីយ៍ទូរទស្សន៍ CTN និងជាចាងហ្វាងផលិតកម្ម Angkor Picture បានមានទំនាក់ទំនងស្នេហាជាមួយគ្នាជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញ ទោះបីជាបានយល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែ តូតា និងគូស្នេហ៍ ហាក់នូវមិនទាន់មានគម្រោងដឹកដៃគ្នាចូលរោងការនោះទេ។ ដោយឡែកថ្មីនេះ ស្រាប់តែធ្លាយវីដេអូខ្លីមួយ ដែលកញ្ញា តូតា និងគូស្នេហ៍ កំពុងតែបណ្តើរគ្នាថតរូប Pre Wedding ត្រៀមចូលរោងការយ៉ាងស្ងាត់តែម្ដង។

ជាការពិត តាមរយៈវីដេអូ ដែលត្រូវបានគេបង្ហោះចូលក្នុងបណ្ដាញសង្គម Tik Tok ប្រមាណជា៥វិនាទី បង្ហាញពីសកម្មភាពរបស់តារាសម្ដែងកញ្ញា ម៉ាក សែនសូនីតា និងគូស្នេហ៍ លោក ប៉ុល វិបូ កំពុងតែស្ថិតក្នុងឈុតសម្លៀកបំពាក់កូនកំលោះកូនក្រមុំ ដែលកញ្ញា តូតា ស្លៀកឈុតរ៉ូបពណ៌សវែង ដែលបង្ហាញថា អ្នកទាំងពីរកំពុងតែថតរូប Pre Wedding មុនពេលរៀបការ។

ជាមួយនឹងសកម្មភាពបែបនេះ បានធ្វើឲ្យហ្វេនៗមួយចំនួនពិតជាសរសើរ និងអបអរដល់ពួកគេទាំង២ ក្រោយស្រលាញ់ចាប់ដៃគ្នាអស់ពេលជាច្រើនទីបំផុត ក៏ត្រៀមចូលរោងជ័យទាំងពីរនាក់យ៉ាងគួរឲ្យសរសើរ។ ដោយឡែក ទោះបីជាធ្លាយនូវវីដេអូខ្លីបែបនេះយ៉ាងណាក្តី អ្នកគាំទ្រជាច្រើន ក៏មិនទាន់ដឹងច្បាស់ថាថ្ងៃណាដែលនាងនឹង រៀបចំនោះទេ ខណៈពេលដែលសាមីខ្លួនមិនទាន់បង្ហើបប្រាប់ជាសាធារណៈនៅឡើយ។

គេចាំបានថា កាលពីប៉ុន្មានថ្ងៃមុននេះ គ្រួសាររបស់គូស្នេហ៍ កញ្ញា តូតា បានប្រារព្ធពិធីតូចលក្ខណៈគ្រួសារមួយ ពោលគឺជាខួបអាពាហ៍ពិពាហ៍របស់អ្នកមានគុណរបស់លោក ដោយក្នុងនោះគេក៏សង្កេតឃើញវត្តមានក្រុមគ្រួសារកញ្ញា តូតា ក៏ដូចជារូបនាងផ្ទាល់ចូលរួមផងដែរ។ យ៉ាងណាមិញ កម្មវិធីខួបអាពាហ៍ពិពាហ៍របស់អ្នកមានគុណរំលង មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែកញ្ញា តូតា និងគូស្នេហ៍ បានដឹកដៃគ្នាថតរូប Pre Wedding ត្រៀមចូលរោងការតែម្ដង៕