(ភ្នំពេញ)៖ ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែធ្នូ នៅវិមានពហុកីឡដ្ឋានជាតិ ស្របពេលក្រុមអត្តពលិកក្លឹបក្រសួងមហាផ្ទៃ បានរក្សាភាពខ្លាំង ដោយគ្រងជើងឯក ក្នុងនាមក្លឹបដណ្ដើមមេដាយបានច្រើនជាងគេក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ។

ក្រោយឆ្លងកាត់ការប្រកួតស្វិតស្វាញ នៃកីឡាដ៏មានសក្ដានុពលរបស់កម្ពុជានេះ ក្លឹបក្រសួងមហាផ្ទៃ គឺដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស២ និងសំរឹទ្ធ១ ឯក្លឹបមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ឈ្នះមេដាយមាស១ និងសំរឹទ្ធ៣ ឈរលេខ២ តាមពីក្រោយដោយក្លឹបក្រសួងការពារជាតិ ដណ្ដើមបានមេដាយប្រាក់ ២គ្រឿងប៉ុណ្ណោះ។

បន្ទាប់ពីចប់ការប្រកួតលោក មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំរៀបចំរបស់គណៈកម្មការ និងការខំប្រឹងរបស់កីឡាករ-កីឡាការិនីម្នាក់ៗ។ ទន្ទឹមជាមួយគ្នា លោកក៏បានស្នើក្រសួងអប់រំចំនួន ៤ចំណុច ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនផងដែរ ពិសេសការសម្រួលផ្នែកហ្វឹកហាត់តែម្ដង។

សំណើរបស់ប្រធានសហព័ន្ធខាងលើរួមមាន «ទី១-ស្នើសុំក្រសួងអនុញ្ញាតផ្ដល់កូតាប្រមូលផ្ដុំឈុតធំនារីឡើងវិញ។ ទី២-ស្នើសុំផ្ដល់ទីតាំងហ្វឹកហាត់ជាអចិន្ដ្រៃយ៍មួយ សម្រាប់ក្រុមឈុតធំ។ ទី៣-ស្នើទីតាំងធ្វើទីលានអភិវឌ្ឍន៍សីដក់ឆ្នេរខ្សាច់ ដើម្បីឆ្លើយតបនឹងការប្រកួតថ្នាក់អាស៊ី និងពិភពលោក និងទី៤-ស្នើបង្កើនវិញ្ញាសាប្រកួតតាមវិញ្ញាសាកីឡាស៊ីហ្គេម ដោយស្នើក្រសួងជួយថវិកាបន្ថែម»

គួរដឹងថា កីឡាសីដក់ និងឈិនឡូនកម្ពុជា គឺជាប្រភេទកីឡាមានសក្ដានុពលមួយរបស់កម្ពុជា ជាក់ស្ដែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន កាលពីថ្មីៗ ក្រុមជម្រើសជាតិសីដក់កម្ពុជាក៏ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងផងដែរ៕