(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើកណ្តាល Paul Pogba អាចត្រូវបានលោក Ole ដាក់ឲ្យចូលលេងពេញម៉ោង ពេលបិសាចក្រហម Manchester United ប៉ះក្រុមភ្ញៀវសារិកាព្រៃ Newcastle United នៅ Premier League បញ្ចប់ជើងទី១ រាត្រីនេះ។

យប់នេះ អាចជាការបង្ហាញខ្លួនលើកទី២ របស់កីឡាករពាក់លេខ៦ Pogba បន្ទាប់ពីជាសះស្បើយពីរបួសកជើង ជាមួយនឹងបង្ហាញខ្លួនលើកដំបូងពេល Man Utd ចាញ់ម្ចាស់ផ្ទះ Watford ២-០ ក្នុងនាមកីឡាករបម្រុង និងត្រូវប្តូរលេងក្នុងវគ្គទី២។

ជាមួយគ្នានោះ កីឡាករខ្សែការពារ Diogo Dalot ក៏អាចវិលចូលទីលានវិញដែរ គ្រាដែល Eric Bailly, Angel Gomes និង Timothy Fosu-Mensah បន្តអវត្តមានទៀត ដោយសារបញ្ហារបួសមិនទាន់ជាសះស្បើយ។

ជាការកត់សម្គាល់ផងដែរថា ជាក្រុមមួយដែលលេងឈ្នះ ២០ប្រកួតនៅ Premier League ច្រើនជាងគេក្នុងថ្ងៃ Boxing Day (ថ្ងៃចុងឆ្នាំ) គ្រាដែល Newcastle United កំពុងធ្វើបានល្អ ដោយលេងឈ្នះ ៣ដង និងចាញ់ ១ដងប៉ុណ្ណោះ ក្នុងចំណោម ៤ប្រកួតចុងក្រោយនៅលីគកំពូលអង់គ្លេស៕