(ភ្នំពេញ)៖ និយាយដល់ឈ្មោះ រឿង ស៊ីណាត ទស្សនិកជនប្រាដកជាស្គាល់ច្បាស់ហើយ ព្រោះនាងគឺជាបវរកញ្ញាចក្រវាលឆ្នាម២០១៨ ដែលបានតំណាងប្រទេសកម្ពុជា ទៅប្រកួតជាលក្ខណៈអន្តរជាតិ នៅប្រទេសថៃ។ ក្រោយបញ្ចប់កម្មវិធីប្រឡងបវរកញ្ញា នាងមានប្រជាប្រិយភាពខ្លាំង ជាពិសេសតាមរយៈសម្តែងភាពយន្ត ខណៈថ្មីៗនេះទើបតែទទួលបានតំណែងថ្មីមួយទៀត ជាតួឯកស្រីកាចឆ្នាស់ ស្លៀករ៉ូបខ្មៅ កាន់កំភ្លើងជាប់នឹងដៃ ប្រឡាក់ឈាម មើលហើយគួរឲ្យខ្លាច។

ពិតណាស់ ក្នុងបណ្តាញសង្គមកញ្ញា រឿន ស៊ីណាត បានបង្ហោះរូបភាពមួយសន្លឹក ក្នុងសភាពពាក់រ៉ូបខ្មៅ ក្នុងដៃកាន់កំភ្លើង ប្រឡាក់ឈា បង្ហាញទឹកមុខកាចឆ្នាស់ ពេលដែលកំពុងថតភាពយន្តថ្មីមួយ ចំណងជើងថា «នាងផ្កាព្រៃ»។ គ្រាន់តែឃើញរូបថតមួយសន្លឹកនេះ បានបញ្ជាក់ថា ក្នុងរឿងនេះរូបនាងជាតួអង្គម្នាក់ ដែលមិនមានចរិកស្លូតបូត ដូចរឿងមុនៗបាត់ទៅហើយ។

គេនៅចាំបានថា រឿន ស៊ីណាត បានថតខ្សែភាពយន្តជីវិតជាច្រើន ក្នុងរឿងមានទាំងរឿងភាគ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជនទៀតផង គឺរឿង «មនុស្សពិត» ដែលនាងសម្តែងជាតួស្លូតបូត។ យ៉ាងណាមិញ ងាកមកការផ្លាស់ប្តូរទៅជាសម្តែងតួកាចឆ្នាស់ពេលនេះ ទស្សនិកជនកំពុងតែរងចាំតាមដានថា តើទេពកោសល្យសម្តែងរបស់នាងក្នុងតួប្រភេទនេះយ៉ាងណានោះ៕