(សេអ៊ូល)៖ តារាស្រីសមាជិកក្រុម Red Velvet កញ្ញា Wendy បច្ចុប្បន្ននេះកំពុងរងរបួសធ្ងន់ ដោយសារតែកាលពីម្សិលមិញ នាងជួបហេតុការណ៍ធ្លាក់ពីលើឆាក ពេលកំពុងហាត់សម សម្រាប់សម្តែងក្នុងព្រឹត្តិការណ៍តន្ត្រី ចុងឆ្នាំរបស់ទូរទស្សន៍ SBS។ រហូតមកទល់នឹងពេលនេះ​ អ្នកគាំទ្រសម្តែងនូវការព្រួយបារម្ភចំពោះនាងគ្រប់គ្នា និងសង្ឃឹមថា នាងនឹងប្រសើរឡើងឆាប់ៗ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។

អ្នកគាំទ្រមានការអន់ចិត្ត ចំពោះផលិតកម្ម SM ចំពោះស្ថានការណ៍អសុវត្ថិភាពនេះ។ ពួកគេក៏មានការខឹងសម្បារផងដែរ ចំពោះទូរទស្សន៍ SBS ដែលនៅតែចាក់ផ្សាយសកម្មភាពថតទុកមុន របស់ Red Velvet។

យ៉ាងណាមិញ ផលិត​កម្ម SM បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​ជុំវិញ​របួស​របស់ Wendy និង​បាន​បញ្ជាក់​ថា​ Red Velvet មិន​អាច​​សម្ដែងកម្មវិធីចុងឆ្នាំ របស់ទូរទស្សន៍ SBS Gayo Daejeon ឆ្នាំ ២០១៩ បាន​នោះ​ទេ។ បន្ថែមពីនេះ SM បានប្រាប់សារព័ត៌មានថា អំឡុង​ការ​ហាត់​សម​សម្រាប់​​ការ​សម្ដែង​ផ្ទាល់​ខ្លួន ​របស់​នាង Wendy បាន​ធ្លាក់​ពី​លើ​ឆាក និង​​រង​របួស។

ផលិតកម្ម​បាន​បន្តថា Wendy ត្រូវ​បាន​នាំ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​ទទួលការពិនិត្យ​ និងព្យាបាលពីក្រុមគ្រូពេជ្រឲ្យ​ល្អិតល្អន់ ហើយ​នាង​ត្រូវ​របួស​ចំ​មុខ ​បាក់​ឆ្អឹង​ត្រគាក និង​ក​ដៃ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ដង​ខ្លួន។ នាង​បាន​ឆ្លង​កាត់​ការ​ព្យាបាល​ជា​បន្ទាន់ ហើយ​ពេល​នេះ​កំពុង​រង់​ចាំ​ការ​ពិនិត្យ​បន្ថែម៕