(ភ្នំពេញ)៖ តារាចម្រៀងកំពុងកាក់កបខ្លាំងលើមុខជំនួញ កញ្ញា ម៉ូលីកា បច្ចុប្បន្នស្រីស្អាតសម្រស់ប្រៀបបាននឹងបុប្ផារូបនេះ ទោះបីជាមិនសូវបង្ហាញវត្តមានក្នុងសិល្បៈដូចមុន ដោយយកពេលទៅពង្រឹងមុខជំនួញក្ដី តែនាងនៅតែត្រូវទទួលបានការគាំទ្រ ពីទស្សនិកជន​។ យ៉ាងណាមិញ ក្រៅពីជោគជ័យលើជំនួញហើយនោះ កញ្ញា ម៉ូលីកា ក៏ជោគជ័យខ្លាំងលើរឿងស្នេហា ដោយជារឿយគេតែងសសង្កេតឃើញស្រីស្អាតរូបនេះ បណ្ដើរគូស្នេហ៍ដើរលេងនៅទីកន្លែងកម្សាន្តនា​នា។ អ្វីដែលកាន់តែធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ខ្លាំងទៀតនោះគឺ ក្រោយទាក់ទងគ្នាប្រមាណជាង៣ឆ្នាំ ពេលនេះស្រាប់តែ ​ម៉ូលីកា ត្រៀមដឹកដៃអនាគតស្វាមីខ្លួន ចូលរោងការនៅដើមឆ្នាំ២០២០ខាងមុខនេះ។

ជាការពិតណា អតីត​តារាចម្រៀង​នៅក្នុង​ផលិត​កម្ម​រ៉ុ​ក​ ​កញ្ញា ម៉ូលី​កា​ ​ដែល​សព្វថ្ងៃ​​ ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​ ​ដែល​មាន​ប្រជាប្រិយ​ភាព​នោះ​ គ្រោង​នឹង​ដឹកដៃ​គូស្នេហ៍​ចូល​រោងការ​ នៅក្នុងក្នុង​ថ្ងៃទី​ ​១៨​​ ខែមករា ​ឆ្នាំ ២០១៩ ​នេះ។ បើយោងតាមប្រភពជិតស្និទ្ធ នឹងតារាចម្រៀងរូបនេះ បានបង្ហើបឲ្យដឹងថា មង្គលការរបស់ស្រីស្អាតរូបនេះ ​គ្រោងចំណាយទឹកប្រាក់​ប្រមាណ​ជា​ ​១៥ ម៉ឺន​ដុល្លារ​ ឯណោះ​ដើម្បីធ្វើឲ្យកម្មវិធី កាន់តែមានភាពលេចធ្លោ។​

ប្រភពជិតស្និទ្ធនឹងតារាចម្រៀង ម៉ូលីកា បានបង្ហើបបន្ថែមថា ពិធីមង្គលការរបស់នាង នឹងរៀបចំនៅឌឹព្រីមៀរសែនសុខ ដែលនឹងមានរៀបចំពិធីយ៉ាងអធិកអធម ដោយចំណាយថវិកា ប្រមាណជា១៥ម៉ឺនដុល្លារ ដើម្បីរៀបចំ និងគ្រោងហៅភ្ញៀវកិត្តិយសយ៉ាងច្រើន ក៏ដូចជាមិត្តអ្នកសិល្បៈផងដែរ។

ចំពោះដំណឹងនេះ បានធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកគាំទ្រ បានចូលរួមអបអរសាទរ ក៏ដូចជាពាក្យពេចន៍ជូនពរ​ដល់កញ្ញា ម៉ូលីកា និងអនាគតស្វាមី ឲ្យមានក្ដីសុខសុភមង្គល៕