(ភ្នំពេញ)៖ ផលិតករវ័យក្មេងពោរពេញដោយទេពកោសល្យ លោក ចាន់ណា រ៉ូណាន បានសម្រេចនូវបំណងដ៏ធំមួយ គឺជាទីតាំងសម្រាប់ថតខ្សែភាពយន្តថ្មីរបស់ខ្លួន ក្នុងផលិតកម្ម Galaxy ពោលគឺជាផ្ទះបុរាណមួយកន្លែង ដែលសាង​សង់ឡើងពីបាយអរ ដើម្បីថតខ្សែភាពយន្ត «កុំងាកក្រោយ» ខណៈដែលស្វែងរកអស់ពេលជាច្រើនម៉ោង លោកបានសម្ដែងការអស់សង្ឃឹម ព្រោះតែស្វែងរកផ្ទះបុរាណ ដែលមានអាយុកាលប្រមាណជា១៣០នោះមិនឃើញ ប៉ុន្តែដោយសារតែមានជំនឿ លោកក៏ការបន់ស្រន់បានធ្វើឲ្យលោក សម្រេចនូវបំណងមួយនេះ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបងនោះភ្លាមៗ។

លោក ចាន់ណា រ៉ូណាន បានថ្លែងប្រាប់ឲ្យដឹងថា លោកបានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង ដើម្បីស្វែងរកផ្ទះបុរាណ ដែលមានអាយុកាលច្រើនឆ្នាំ ដើម្បីធ្វើជាទីតាំងថតដ៏សមស្របទៅនឹងសាច់រឿង បែបរន្ធត់ព្រឺព្រួច គឺរឿង កុំងាកក្រោយ ដើម្បីឲ្យស៊ីទៅនឹងសាច់រឿង។ ប៉ុន្តែចំពោះដំណើរស្វែងរករយៈពេលជាច្រើនម៉ោង លោក ចាន់ណា រ៉ូណាន និងក្រុមការងារ គឺពិតជាពិបាក និងអស់សង្ឃឹមខ្លាំង ដោយរកផ្ទះនោះមិនឃើញទាល់តែសោះ ប៉ុន្តែដោយសារតែជំនឿ លោក ចាន់ណា រ៉ូណាន បានធ្វើការបន់ស្រន់ ទៅវត្ថុស័ក្ដសិទ្ធិ អ្នកថែរក្សា បើសិនជាមានពិតសូមឲ្យលោក បានរកឃើញផ្ទះនោះផង។ ជាអភូតហេតុ ក្រោយបន់រួច លោកក៏បានធ្វើដំណើរបន្តប្រហែលជា៥០ម៉ែត្រ ស្រាប់តែលោកបានឃើញផ្ទះដែលមានអាយុកាលជាង១០០ឆ្នាំនោះឃើញភ្លាមៗតែម្ដង ស្ទើរមិនគួរឲ្យចង់ជឿ។

គោលបំណងតែមួយគត់ ដែលជំរុញឲ្យលោក ស្វះស្វែងតាមរកផ្ទះបុរាណដែលស្ថិតក្នុងខេត្តបាត់ដំបងនោះ គឺលោក ចាន់ណា រ៉ូណាន ចង់អភិរក្សផ្ទះបុរាណ សង់ឡើងពីបាយអរ ដែលមានអាយុកាលរាប់រយឆ្នាំរបស់ខ្មែរ ប្រសិនបើមានការរៀបចំបានល្អ ក៏ក្លាយជាទីតាំងសារមន្ទីរមួយ សម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយផងដែរ ខណ:ដែលផ្ទះនេះ ក្រោយពេលលោកជ្រើសជាទីតាំងថត ក៏មានអ្នកចុះស្រាវជ្រាវ និងទៅកម្សាន្ត។

ងាកទៅកាន់ការផលិតភាពយន្តរឿង «កុំងាកក្រោយ» វិញ លោកថាបានចំណាយការតស៊ូយ៉ាងខ្លាំង ដោយសារតែរឿងនោះជារឿងបែបភ័យរន្ធត់ ដែលតម្រូវឲ្យថតដាច់យប់ ជាប្រចាំបាក់កម្លាំង ហើយទម្រាំតែរកផ្ទះបុរាណ ដែលជ្រើសជាកន្លែងថតនេះ គឺពិបាកខ្លាំង។ លោករំពឹងថា នឹងជោគជ័យសម្រាប់ការគាំទ្រក្នុងរឿង “កុំងាកក្រោយ” ជាពិសេសបន្ទាប់ពីរឿងមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង តាំងពីមុនប្រកាសបញ្ចាំង។

គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង«កុំងាកក្រោយ» គឺជាស្នាដៃទី៨របស់លោក ចាន់ណា រ៉ូណាន និងជាភាពយន្តដំបូងរបស់លោក ក្នុងផលិតកម្ម Galaxy ដែលបានបើកពិធីសម្ពោធជាផ្លូវការចាក់បញ្ចាំងកាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ។ ខ្សែភាពយន្តបែបរន្ធត់ព្រឺព្រួចមួយនេះ ត្រូវបានផលិតករលោ ចាន់ណា រ៉ូណាន​ បានរំពឹងទុកយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ផងដែរ៕