(ក្រុងឡុងដ៍)៖ ក្រុមជើងឯកអឺរ៉ុប Liverpool បានបង្កើនការនាំមុខដាច់កំពូលតារាង Premier League រហូតដល់ទៅ ១៣ពិន្ទុ ក្រោយបំបាក់គូប្រជែងម្ចាស់ផ្ទះ Leicester City ដល់ទៅ ៤-០ បញ្ចប់ជើងទី១ នាយប់មិញនេះនៅកីឡដ្ឋាន King’s Power នារាត្រីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមដែលទើបឈ្នះពាន FIFA Club World Cup 2019 នៅប្រទេសកាតាថ្មីៗ បន្តយកឈ្នះក្រុមជើងឯក PL ឆ្នាំ២០១៦ កញ្ជ្រោងខៀវ Leicester City ដល់ទៅ ៤គ្រាប់ ជាមួយនឹងការបិទជាប់មិនរបូតសូម្បី ១គ្រាប់ឡើយពីការធ្វើបានសម្រេចរបស់កីឡាករ Roberto Firmino ២គ្រាប់ម្នាក់ឯងនៅនាទី៣១ និងនាទី៧៤ James Milner នៅនាទី៧១ ដោយប៉េណាល់ទី និងខ្សែការពារ Alexander-Arnold គ្រាប់ទី៤ នាទី៧៨។

នេះជាការយកឈ្នះ Leicester City ជាលើកទី២ ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ ជាមួយនឹងលទ្ធផលឈ្នះ ២-១ ម្តងរួចមកហើយកាលខែតុលា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Anfield ដែលធ្វើឲ្យក្រុមរបស់លោក Jurgen Klopp រកបាន ៥២ពិន្ទុ រក្សាប្រវត្តិលេងមិនចាញ់ក្នុងចំណោម ១៩ប្រកួតនៅ Premier League រដូវកាលនេះ គ្រាដែលលេខ២ Leicester មាន ៣៩ពិន្ទុ និងក្រុមការពារជើងឯក Manchester City ឈរនៅលេខ៣ មាន ៣៨ពិន្ទុ ដែលត្រូវប៉ះម្ចាស់ផ្ទះ Wolves យប់នេះ៕