(ភ្នំពេញ)៖ នៅក្នុងព្រឹត្តិការណ៍ Movie Of The Year ប្រចាំឆ្នាំ២០១៩ ដែលជាលើកទី៤ របស់រោងភាពយន្ត លេជេន គេបានរកឃើញហើយនូវតារាសម្ដែងស្រី ដែលទទួលបានពានរង្វាន់ តារាសម្ដែងស្រីឆ្នើម ប្រចាំឆ្នាំ២០១៩ គឺបានទៅលើតារាសម្ដែងកញ្ញា យ៉ែម ស្រីពេជ្រ ដែលជាតួអង្គដ៏សំខាន់ និងស័ក្ដិសមបំផុត ក្នុងខ្សែភាពយន្តដ៏ល្បី គឺរឿង «នាឡិកាដាស់វិញ្ញាណ» របស់ផលិតកម្ម LD ហើយក្នុងនោះ ពានរង្វាន់តារាសម្ដែងប្រុសឆ្នើម គឺបានទៅលើតួអង្គក្នុងរឿង «ស្នេហាក្មេងៗ» របស់ផលិតកម្ម Kongchak Picture គឺលោក រ៉ុង សុភីដេវីដ។

ដោយឡែក ក្រៅពីរកឃើញនូវពានរង្វាន់ តារាសម្ដែងប្រុស ស្រី ឆ្នើមប្រចាំឆ្នាំ២០១៩ហើយ គេក៏បានរកឃើញនូវជយលាភី ពានរង្វាន់ភាពយន្តខ្មែរ និងភាពយន្តអន្តរជាតិប្រចាំឆ្នាំ ដោយពានរង្វាន់ភាពយន្តខ្មែរ ប្រចាំឆ្នាំ២០១៩ គឺបានទៅលើរឿង «ស្នេហាក្មេងៗ» និងពានរង្វាន់ភាពយន្តបរទេសឆ្នាំ២០១៩ គឺបានទៅលើរឿង Avengers Endgames ។

បន្ទាប់ពីដាក់លទ្ធផលតារាសម្ដែងប្រុសស្រីឆ្នើម និងពានរង្វាន់ភាពយន្តប្រចាំឆ្នាំ២០១៩ អ្នកតំណាងរបស់ភាពយន្តលេជេន បានឲ្យដឹងថា «ជាកិត្តិយសរបស់ពួកយើង ហើយក៏ជាលើកទី៤ ផងដែរ ដែលរោងភាពយន្តលេជេន បានរៀបចំកម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំនេះឡើង ជាផ្នែកក្នុងការគាំទ្រវិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់ផលិតករខ្មែរទាំងអស់ ឲ្យខិតខំផលិត និងសម្រិតសម្រាំងស្នាដៃរបស់ខ្លួន។ ខ្សែភាពយន្តទាំងអស់ ដែលបានជ្រើសរើសយកមក ប្រកួតប្រជែង គឺសុទ្ធតែរឿងដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកទស្សនា។ ក្នុងឱកាសនេះ រោងភាពយន្តលេជេន ក៏សូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង តារាសម្តែង តារាចម្រៀង ផលិតករ អ្នកវិភាគកុន និងហ្វេនរបស់រោងភាពយន្តលេជេនទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី របស់ពួកយើង»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Movie Of The Year ប្រចាំឆ្នាំ២០១៩ លើកទី៤ បានប្រារព្ធឡើងកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៩ ដោយគេបានរកឃើញម្ចាស់ជយលាភី តួសម្ដែងប្រុសស្រីឆ្នើម និងភាពយន្តខ្មែរ និងបរទេសប្រចាំឆ្នាំ២០១៩នេះផងដែរ៕