(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែធ្នូ ផ្ទុះការចាប់អារម្មណ៍អស់អ្នកសិល្បៈ ដោយមាននារីម្នាក់កាន់គណនីហ្វេសប៊ុកឈ្មោះ «Roselyne Dalva» បានបង្ហោះថាអតីតតារាចម្រៀងប្រុស លោក ព្រីង ច័ន្ទបុត្រ ជំពាក់បំណុលខ្លួន និងគេចវេសមិនព្រមសង រហូតប្រមានប្តឹង។ យ៉ាងណាមិញ ពេលនេះលោក ព្រីង ច័ន្ទបុត្រ បានធ្វើការបំភ្លឺ ដើម្បីកុំឲ្យទស្សនិកជនយល់ច្រឡំ។

ថ្លែងតាមរយៈទូរស័ព្ទជាមួយក្រុមការងារ Fresh News និង Khmer Talking លោក ព្រីង ច័ន្ទបុត្រ បានឲ្យដឹងថា តាមពិតទៅនារី ដែលបង្ហោះប្រមានប្តឹង ថាលោកជំពាក់លុយមិនព្រមសងនោះ គឺជាអតីតសង្សាររបស់លោក ហើយមានទំនាក់ទំនងជាមួយគ្នា ជាច្រើនឆ្នាំមកហើយ។ នារីម្នាក់នោះ រស់នៅប្រទេសបារាំង ដោយពេលមានទំនាក់ទំនងជាមួយគ្នា ក៏ហោះមកប្រទេសកម្ពុជា ដើម្បីជួបគ្នា និងទៅដើរលេងតាមខេត្ត ស៊ីចាយជាមួយគ្នាជាដើម ក្នុងនាមមនុស្សស្រឡាញ់គ្នា។

លោក ព្រីង ច័ន្ទបុត្រ បញ្ជាក់ថា លោកនឹងនារីម្នាក់នោះ មានចំណងស្នេហាជាមួយគ្នាជាច្រើនឆ្នាំមកហើយ ប៉ុន្តែចូលដល់ឆ្នាំ២០១៩នេះ ទំនាក់ទំនងក៏បានប្រះឆា ដោយសារនារីម្នាក់នោះ ជាអ្នកសុំបែកមុន។ ចាប់តាំងពីពេលនោះមក នារីជាអតីតសង្សារក៏ចេះតែឆាតមកទារលុយ ខណៈដែលលោកមិនបានជំពាក់ទាល់តែសោះ។ លោកសង្កត់ធ្ងន់ថា តាមពិតទៅលុយតែនារីម្នាក់នោះទេ មិនមែនជាលុយលោកជំពាក់ទេ ពោលគឺជាលុយតែដើរស៊ីចាយជាមួយគ្នា ពេលមានទំនាកទំនង។

បន្ថែមពីនេះ លោក ព្រីង ច័ន្ទបុត្រ បានសំណូមពរដល់នារីដែលមានគណនីហ្វេសប៊ុកឈ្មោះ «Roselyne Dalva» បញ្ឈប់ការបង្ហោះហ្វេសប៊ុកដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោក ដោយប្រកាន់ថា បើប្រាកដថាលោកបានជំពាក់មែន គឺឲ្យនារីម្នាក់នោះបង្ហាញភស្តុតាងមក និងទៅប្តឹងលោកចុះ។

គួរជម្រាបថា កាលពីឆ្នាំ២០១៨ លោកព្រីង ច័ន្ទបុត្រ ត្រូវបានមហាជនដឹងថា បានទៅធ្វើដំណើរកំសាន្តនៅប្រទេសបារាំង ដោយកាលណោះ លោកបានប្រាប់អ្នកសារព័ត៌មានថា រស់នៅទីនោះមួយរយៈខ្លី។ ភ្ជាប់ជាមួយគ្នានេះ អតីតតារាសម្ដែងដ៏ល្បីល្បាញ នាទសវត្សទី ២០០០ រូបនេះថែមទាំងបង្ហើបថា មានទំនាក់ទំនងជាមួយក្រមុំនៅស្រុកបារាំងម្នាក់វ័យ ២៦ឆ្នាំទៀតផង៕