(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅ Pep Guardiola ថ្លែងដោយជឿជាក់ថា កីឡាករខ្សែប្រយុទ្ធ Sergio Aguero នឹងបន្តលេងឲ្យក្លឹបមេឃខៀវ Manchester City បន្តទៀត រហូតដល់ផុតកិច្ចសន្យាឆ្នាំ២០២១ ខាងមុខ។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន វ័យ៣១ឆ្នាំខាងលើនេះ រកបាន ២៤៤គ្រាប់ច្រើនជាងគេ ក្រោយពេលមកចូលរួមជាមួយ Man City កាលឆ្នាំ២០១១។

Aguero ធ្លាប់បានថ្លែងថា រូបគេនឹងត្រឡប់ទៅលេងនៅទឹកដីកំណើតប្រទេសអាហ្សង់ទីនវិញ នៅពេលចាកចេញពីក្លឹបស្ថិតនៅទីក្រុង Manchester នៃប្រទេសអង់គ្លេសថ្ងៃណាមួយ ស្រដៀងគ្នាទៅនឹង Pep ក៏បានលើកឡើងដែរថា «Aguero នឹងបន្តលេងនៅ Etihad ដរាបណាកាយសម្បទានៅល្អ និងចង់ឈ្នះពានផ្សេងៗជាមួយពួកយើងទៀត»

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើនេះក៏ថ្លែងដោយកង្វល់ក្នុងការរកខ្សែប្រយុទ្ធ ដើម្បីជំនួស Sergio Aguero ផងដែរ ជាមួយតារាជើងស៊ុតរកបាន ១៣គ្រាប់ផងដែរឲ្យ Man City នារដូវកាលនេះ។ Aguero បានមកចូលរួមលេងឲ្យ Man City កាលឆ្នាំ២០១១ ក្នុងតម្លៃខ្លួនប្រមាណ ៣៨លានផោន ចេញពីក្លឹបអេស្ប៉ាញ Altetico Madrid៕