(ភ្នំពេញ)៖ បទចម្រៀងក្ដៅៗរបស់តារាចម្រៀង ស៊ូ ស៊ីរីកា ក្រោមចំណងជើងថា «គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ នៅប៉ុន្មានថ្ងៃនេះបុណ្ណោះទេ ប៉ុន្តែក៏មានអត្ថន័យចាក់ដោត និងធ្វើស៊ីអារម្មណ៍អ្នកគ្មានគូៗ មិនណយដែរ ក្នុងពេលដែលអំឡុងចុងឆ្នាំ គឺអ្នកណាៗ ក៏ចង់មានគ្នា និងចង់ស្វីតៗ ហើយមានអ្នក Take Care នោះដែរ។ មួយបទ «គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» របស់នាង ក៏ជួយឲ្យតារាស្រីរូបនេះ ទទួលការចាប់អារម្មណ៍ នៅមិនដំណាច់ឆ្នាំនេះ ផងដែរ។

​តាមការកត់សម្គាល់ បទចម្រៀង «គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» របស់ ស៊ូ ស៊ីរីកា ​ត្រូវគេឮចាក់បន្លឺនៅតាមហាង ​និងទីសារធារណៈនាប៉ុន្មានថ្ងៃនេះ ដោយអ្នកស្ដាប់​ភាគច្រើនសុទ្ធតែយល់ថា មួយបទនេះទាំងពីរោះ​និងមានអត្ថន័យចាក់ដោត ជាពិសេសគឺបទមួយនេះ ហាក់ធ្វើស៊ីអារម្មណ៍អ្នកឯកោ នៅពេលមនុស្សគូភាគច្រើន សុទ្ធតែបង្អួត​​គម្រោងដើរលម្ហែកាយស្វីតៗ មុនថ្ងៃឆ្លងឆ្នាំ និងឆ្លងឆ្នាំ។

ទឹកដមសំឡេងរបស់ ស៊ូ ស៊ីរីកា នៅក្នុងបទនេះ ក៏ស្ដាប់ទៅប្លែកត្រចៀកខុសពីបទមុនៗ​ ទើបគ្រាន់តែចេញ MV មិនទាន់បានប៉ុន្មាន ក៏ទទួលបានការគាំទ្រតែម្ដង។ ជាក់ស្ដែងក្រឡេកទៅមើលសង្គមហ្វេសប៊ុក និងយូធូប ក៏មានការចែកចាយបទនេះ គួរឲ្យកត់សម្គាល់ផងដែរ បន្ថែមពីលើការចាក់បន្លឺ ដែលគេបានឮនៅតាមទីសាធារណៈ៕