(ភ្នំពេញ)៖ ខ្សែភាពយន្តបែបភ័យរន្ធត់ព្រឺព្រួច របស់ផលិតកម្ម Galaxy Navatra រឿង «​កុំងាកក្រោយ» ដែលជាស្នាដៃនិពន្ធ និងដឹកនាំដោយផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន់ កំពុងត្រូវបានទស្សនិកជនជាច្រើនគាំទ្រ និងសម្រុកទៅទស្សនាភ្លូកទឹកភ្លូកដី ស្ទើរមិនគួរឲ្យជឿ ក្រោយពេលចាក់បញ្ចាំងបានត្រឹមរយៈពេលមួយថ្ងៃដំបូង។ យ៉ាងណាមិញ ដោយសារតែមានការគាំទ្រខ្លាំង​ របស់ខ្សែភាពយន្ត «កុំងាកក្រោយ» នូវគ្រប់រោងភាពយន្តទាំងអស់ បានសម្រេចធ្វើការបន្ថែមម៉ោងចាក់ផ្សាយ ​ដើម្បីឲ្យទស្សនិកជន បានទស្សនាឲ្យទាន់តម្រូវការ គ្រប់ៗគ្នា​។

លោក យឹម តាស្រង់ ​ជាអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម Galaxy Navatra បានថ្លែងប្រាប់ឲ្យដឹងថា ដោយសារតែខ្សែភាពយន្ត «កុំងាកក្រោយ» ដែលជាវណ្ណកម្មទីពីរ របស់ផលិតកម្ម បានធ្វើការចាក់បញ្ចាំង ក្នុងថ្ងៃដំបូងកាលពីម្សិលមិញនេះ គេសង្កេតឃើញមានចំនួនអ្នកគាំទ្រ សម្រុកទៅទស្សនាខ្សែភាពយន្តដ៏ល្បីមួយនេះ​ច្រើនកុះករ ទើបគ្រប់រោងភាពយន្ត បានសម្រេចបន្ថែមនូវពេលវេលា ចាក់ផ្សាយភាពយន្តមួយនេះ ឲ្យបានច្រើន។

គួរបញ្ជាក់ថា រឿង «កុំងាកក្រោយ» បានបើកសម្ពោធចាក់បញ្ជាំងជាផ្លូវការ កាលពីថ្ងៃទី២៤ ខែធ្នូ និងបានដាក់លក់សំបុត្រចូលទស្សនា កាលពីថ្ងៃទី២៦ ខែធ្នូ ម្សិលមិញនេះ ដោយចាក់បញ្ចាំង ទើបបានរយៈពេលមួយថ្ងៃដំបូងប៉ុណ្ណោះ ប៉ុន្តែក៏មានការគាំទ្រភ្លូកទឹកភ្លូកដី រហូតគ្រប់រោងភាពយន្តទាំងអស់ ទាំងនៅបណ្ដាខេត្ត និងរាជធានីភ្នំពេញ បានសម្រេចបន្ថែមម៉ោងចាក់ផ្សាយថែមទៀតផង។

ខ្សែភាពយន្តបែបភ័យរន្ធត់ព្រឺព្រួច លាយឡំនឹងឈុតឆាកកម្សត់ «កុំងាកក្រោយ» មានការចូលរួមសម្តែង ដោយ​តារាសម្តែងល្បីៗជាច្រើនរូប រួមមានដូចជាលោក ទ្រី តារាវុធ កញ្ញា ឆាយ នីតា លោក ជា លាងឈែ លោក ភីម៉ៃ លោកស្រី អ៊ុំ សក្ខណា និងតារាសម្តែងជាច្រើនរូបទៀត៕