(ក្រុងម៉ូនិច)៖ ក្លឹបយក្សអាល្លឹម៉ង់ Borussia Dortmund បានចុះសន្យាជាមួយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Erling Braunt Haaland រហូតដល់ឆ្នាំ២០២៤ ក្រោយទិញផ្តាច់កិច្ចសន្យាពីក្លឹប RB Salzburg របស់អូទ្រីសក្នុងតម្លៃ ២០លានអឺរ៉ូ។

ខ្សែប្រយុទ្ធដែលមានវ័យទើបតែ ១៩ឆ្នាំ សញ្ជាតិន័រវេសខាងលើនេះ បានធ្វើឲ្យពិភពបាល់ទាត់ ក៏ដូចជាក្លឹបធំៗនៅអឺរ៉ុបចាប់អារម្មណ៍ជាខ្លាំងនៅពេលរូបគេធ្វើបានហែតទ្រីក (៣គ្រាប់) នៅថ្ងៃបើកឆាក UEFA Champions League រដូវកាលនេះ ពេល Salzburg បំបាក់ក្លឹបប៊ែលហ្សិក ៦-១ និងក៏កំពុងឈរនៅ Top scorer ក្នុងយុទ្ធនាការដែលមានជារៀងរាល់ឆ្នាំនេះទៀតផង។

ការសម្រេចចុះកិច្ចសន្យាលេងឲ្យក្លឹបអាល្លឹម៉ង់ដែលជាគូប្រជែងជាមួយ Bayern Munich ផងនោះ បានធ្វើឲ្យក្លឹបយក្ស បិសាចក្រហម Manchester United របស់អង់គ្លេស និង Juventus របស់អង់គ្លេសខកបំណង ដ្បិតចង់បានរូបគេដូចគ្នានៅរដូវកាលដោះដូរកីឡាករនាខែមករា ឆ្នាំថ្មីខាងមុខ។

Haaland រកបាន ១៦គ្រាប់ ពីការចូលលេងបាន ១៤ប្រកួតឲ្យ Salzburg នារដូវកាលនេះ ជាមួយនឹងការរកបាន ៨គ្រាប់ផងដែរក្នុង UCL ដែលជារដូវកាលដ៏ល្អបំផុតសម្រាប់គេគិតចាប់តាំងពីបានចាកចេញពីក្លឹប Molde របស់ន័រវេស កាលខែមករា ឆ្នាំ២០១៨ កន្លងទៅ៕