(ភ្នំពេញ)៖ យុវជនសាលាបាល់ទាត់ជាតិបាទី ៤រូប ដែលទើបត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ប្រកាសរំសាយកាលពីថ្មីៗ ត្រូវបានក្លឹបបឹងកេតក្រសោបយកទាំងអស់ ដើម្បីពង្រឹងក្លឹបនារដូវកាលថ្មី រួមមានខ្សែប្រយុទ្ធឆ្នើម សៀង ចន្ធា, សៅ វ៉ៃហ្វី, ជុង មករា និងអ្នកចាំទី ថា ច័ន្ទរិទ្ធី។

ជាមួយការនាំចូលកីឡាករវ័យក្មេងទាំង ៤រូបនេះ ត្រូវបានលោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេត មានសុទិដ្ឋិនិយមខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ក្លឹប និងវិស័យកីឡាបាល់ទាត់កម្ពុជានាថ្ងៃខាងមុខ ពិសេសក្រុមជម្រើសជាតិកម្ពុជា។ លើសពីនេះ ក្លឹបក៏បានប្ដេជ្ញាបន្ដការបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាកីឡាករអាជីព និងជាសិស្សពូកែក្នុងវិស័យអប់រំថែមទៀតផង។

គួរបញ្ជាក់ថា ការប្រកាសនាំចូលកីឡាករចំណូលថ្មីជាផ្លូវការនេះ បានធ្វើឡើងនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ហើយទន្ទឹមជាមួយគ្នា ក្លឹបក៏បានប្រកាសតែងតាំងលោក Apisit Im Amphai ជាគ្រូបង្គោលផ្លូវការរបស់ក្លឹប ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០២០ ផងដែរ៕