(លីវើភូល)៖ ហង្សក្រហម Liverpool បន្តនាំមុខកំពូលតារាង Premier League ដាច់ ១៣ពិន្ទុដដែល ក្រោយយកឈ្នះ ក្រុមចចក Wolverhamton Wanderers ក្នុងលទ្ធផល ១-០ បើកឆាកជើងទី២ នារាត្រីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៩។

កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Sadio Mane ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៤២ ចុងម៉ោងនៃវគ្គទី១ នៅកីឡដ្ឋាន Anfield ដែលស្ថិតក្នុងទីក្រុង Liverpool នៃប្រទេសអង់គ្លេស នៅមុនពេល ៤៥នាទីដែលនៅសល់ក្នុងវគ្គទី២ ពុំមានការស៊ុតបញ្ចូលទីគ្នាទៀតទេ។

១គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យកីឡាករសេណេហ្គាល់រូបនេះ កា្លយជាកីឡាករទី២ ដែលបាន ៣០គ្រាប់ច្រើនជាងគេនៅ PL ក្នុងឆ្នាំ២០១៩ តាមពីក្រោយកីឡាករអង់គ្លេស Jamier Vardy ដែលរកបាន ៣៤គ្រាប់ លេងឲ្យក្លឹប Leicester City។

តាមរយៈលទ្ធផល ១៩ប្រកួត ដោយនៅសល់ ១ប្រកួតទល់នឹង West Ham United បានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp បញ្ចប់ឆ្នាំ២០១៩ ជាមួយនឹងការនាំមុខដាច់ ១៣ពិន្ទុ ដោយមាន ៥៥ពិន្ទុ នាំមុខក្រុមលេខ២ Leicester មាន ៤២ពិន្ទុ និងក្រុមការពារជើងឯក Manchester City មាន ៤១ពិន្ទុ ដែលអាចធ្វើឲ្យ Liverpool ប្រកៀកទៅនឹងការឈ្នះពាន Premier League ជាលើកទី១ ផងដែរក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ៕