(ភ្នំពេញ)៖ យ៉ែម ស្រីពេជ្រ គឺជាតារាសម្តែងស្រីមួយដួង ដែលប្រឡូកក្នុងវិស័យសិល្បៈជិត៤ឆ្នាំមកហើយ រហូតមកទល់នឹងបច្ចុប្បន្ននេះ។ ភាគច្រើននៃប្រភេទតួអង្គ ដែលនាងសម្តែង គឺតួកាចឆ្នាស់​ ដណ្តើមប្តីគេ ធ្វើជាម្តាយចុង មានចិត្តពិសពុលជាដើម ហើយរហូតមកទល់នឹងពេលនេះ អាចនិយាយបានថា យ៉ែម ស្រីពេជ្រ ជាតារាមួយដួង ដែលជោគជ័យខ្លាំង លើវិថីសិល្បៈ។ ដែលសមិទ្ធផលទាំងអស់ គឺកើតចេញពីការប្រឹងប្រែងរបស់នាងផ្ទាល់ ទាំងប្រជាប្រិយភាព និងទ្រព្យសម្បត្តិលុយឡានផ្សេងៗ។ និយាយដល់ចំនុច ឆ្លើយតបនឹងមតិមហាជនតែងតែលើកឡើងថា «អ្នកសិល្បៈមានគេចិញ្ចឹម» ចំពោះរូបនាងផ្ទាល់ ក្នុងនាមអ្នកសិល្បៈមួយរូប បានប្រតិកម្មភ្លាម ដោយអះអាងថា ចំពោះនាង «គ្រប់យ៉ាងសុទ្ធតែជាកំលាំងញើសឈាមផ្ទាល់»

ពិតណាស់ ការលើកឡើងបែបនេះពីសំណាក់ កញ្ញា យ៉ែម ស្រីពេជ្រ គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News ថ្មីនេះ។ យ៉ាងណាមិញ មុននឹងឈានដល់សំនួរក្តៅៗក្នុងកម្មវិធី កញ្ញា យ៉ែម ស្រីពេជ្រ បានឲ្យដឹងទាក់ទងនឹងប្រវត្តិការងារសិល្បៈថា ផ្តើមសិល្បៈដំបូង ទោះក្រុមគ្រួសារហាមយ៉ាងណា ក៏នៅតែលួចដាក់ពាក្យប្រឡង ក្នុងកម្មវិធី Freshie ជំនាន់ទី១៤។ ទោះមិនទទួលជ័យលាភី តែបាននាំកញ្ញា ចូលក្នុងសិល្បៈរហូតទទួលបានការគាំទ្រច្រើនដូចបច្ចុប្បន្ន។

តារាស្រីទឹកមុខកាចឆ្នាស់រូបនេះ បានបន្តថា ភាពយន្តដំបូងដែលនាងសម្តែង គឺមានចំណងជើងថា «ភ្លើងស្នេហ៍ភ្លើងឬស្យា» ហើយក៏ទទួលបានតំណាងជាតួធំក្នុងរឿង ក្នុងនាមជាតួកាចឆ្នាស់ផងដែរ។ តាំងពីពេលនោះមក ការងារសិល្បៈតែងតែមានបន្តបន្ទាប់ និងកាក់កបតែតួឆ្នាស់តែម្តង។ និយាយដល់ចំនុចនេះ នាងបន្ថែមថា តាមពិតទៅតួស្លូតក៏អាចសម្តែងបានដែរ តែគ្រាន់ថាពិបាកលេង ប្រៀបធៀបនឹងតួកាចគឺស្រួលសម្តែងជាង។

ក្រៅពីការងារសិល្បៈ ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនការតស៊ូ ត្រូវបានតារាស្រីតួម្តាយចុងក្នុងរឿង «នាឡិកាដាស់វិញ្ញាណ» រូបនេះទម្លាយថា ចេះរកលុយតាំងពីថ្នាក់ទី៥មកម្ល៉េះ។ តែយ៉ាងណា បច្ចុប្បន្នទោះមមាញឹកក្តី តែនៅមានក្រុមហ៊ុនមួយចំនួនទាក់ទងនឹងឲ្យចូលធ្វើការ ដោយហ៊ានឲ្យ ៣ពាន់ដុល្លារក្នុងមួយខែក៏មាន។ និយាយដល់ចំនុចនេះ ពិធីការិនីចោទសំនួរក្តៅមួយថា ចុះមានមតិមហាជនតែងតែនិយាយថា អ្នកសិល្បៈមានបានមកពីគេចិញ្ចឹម តើយល់បែបថា? ឆ្លើយតបនឹងសំនួរនេះ ចំពោះកញ្ញា យ៉ែម ស្រីពេជ្រ ផ្ទាល់បានប្រតិកម្មភ្លាម ដោយប្រកាន់ថា បើនរណាផ្សេងមិនដឹងទេ ព្រោះជារឿងឯកជនរបស់គេ ប៉ុន្តែសម្រាប់នាង អ្វីគ្រប់យ៉ាង គឺកើតចេញពីកំលាំងញើសឈាមផ្ទាល់តែម្តង៕