(ភ្នំពេញ)៖ ចៅប្រុសបង្កើតរបស់អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត, លោក ស៊ីន សេដ្ឋាកុល ទទួលមរណភាព ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដំណឹងមរណភាពនេះបានធ្វើឲ្យអ្នកសិល្បៈទាំងជំនាន់មុន និងជំនាន់ក្រោយ បានសម្ដែងនូវការសោកស្តាយយ៉ាងខ្លាំង ខណៈមនុស្សដ៏មានទេពកោសល្យ និងមានជាប់សាច់ឈាមជាមួយនឹងអ្នកសិល្បៈដ៏ល្បីល្បាញផងនោះ ត្រូវបានបាត់បង់។

លោក ស៊ីន សេដ្ឋាកុល ត្រូវបានគេស្គាល់ថា ជាកូនប្រុសបង្កើតរបស់លោក ស៊ីន ច័ន្ទឆាយា ដែលឪពុករបស់លោកក៏ទទួលមរណភាពដោយសារជំងឺដាច់សរសៃឈាមខួរក្បាលដូចគ្នា ពេលដួលក្នុងបន្ទប់ទឹក។

លោក សុិន សេដ្ឋាកុល គឺជាចៅ ជាកូន ជាប្តី ជាបងប្អូន និងជាឪពុកមានចរឹតស្លូតបូត សុភាពរាបសារ គោរពចាស់ទុំ និងជាបង្គោល ដ៏រឹងមាំរបស់គ្រួសារ។

លោក ស៊ីន សេដ្ឋាកុល បានទទួលមរណភាពក្នុងវ័យ ៣៧ឆ្នាំ ហើយសពកំពុងតែតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណឹងនេះចាត់ទុកជាការអញ្ជើញដល់ញាតិមិត្តជិតឆ្ងាយ ជាពិសេសសិល្បករ-សិល្បការិនី ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់នៅពេលនេះ៕