(ភ្នំពេញ)៖ បុរសសញ្ជាតិជប៉ុនវ័យ ៣១ឆ្នាំ Masaaki Ideguchi នឹងបង្ហាញខ្លួននៅកីឡដ្ឋាន RSN នៃក្លឹបបាល់ទាត់ភ្នំពេញក្រោន សម្រាប់រដូវកាលឆ្នាំ២០២០ ខាងមុខ។

ក្រោន បានប្រកាសជាផ្លូវការនៃការចុះកិច្ចសន្យាជាមួយ Massaki Ideguchi គ្រាដែលរូបគេបានក្លាយជាកីឡាករបរទេសទី៣ សម្រាប់ក្រុមមានមូលដ្ឋាននៅភ្នំពេញនារដូវកាលថ្មីនេះ។

គួរដឹងផងដែរថា ខ្សែបម្រើកណ្តាល Ideguchi ចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លឹប Yokohama FC កាលពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១៥ អំឡុងពេលលេងនៅ J2 League របស់ជប៉ុន។ បន្ទាប់មកបានចាកចេញទៅលេងបាល់ទាត់នៅក្រៅស្រុកជាមួយ Metro Gallery FC របស់ហុងកុង, Hoàng Anh Gia Lai វៀតណាម និង FC Osaka របស់ជប៉ុន មុនពេលផ្លាស់មកលេងលើទឹកដីកម្ពុជាក្នុងឆ្នាំ២០១៩ ជាមួយក្លឹបវិសាខា៕